(កំពង់ធំ)៖ លោកបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាប្រធានជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ បានចុះពិនិត្យមើលទីតាំងជាក់ស្ដែងនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ដើម្បីសាងសង់អគារសិក្សាថ្មី ដែលជាការឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការនិងកំណើនរបស់សិស្សានុសិស្ស សម្រួលដល់ការសិក្សានិងបង្កើនគុណភាពសិក្សា ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាមួយនឹងគោលនយោបាយយកចិត្តទុកដាក់ដល់យុវជនវិស័យអប់រំ បច្ចេកវិទ្យា និងមូលធនមនុស្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋសិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលារៀន មានការសាទរនិងសប្បាយចិត្តក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាព ជីវភាព សុខទុក្ខប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ជាពិសេសគឺអ្នកស្រុកស្រុកស្ទោងផ្ទាល់ ដែលលោកបានជួយកសាងនូវអគារសិក្សាដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន សម្រាប់សិស្សានុសិស្សបានសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាដែលជាយុវជន និងជាសសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃអនាគត។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ លោកនាយក ត្រូវជួយថែរក្សាអគារសិក្សាថ្មីនឹងសាងសង់ក្នុងពេលខាងមុខនេះឲ្យបានល្អ និងប្រើប្រាស់បានយូរអង្វែង។

ទន្ទឹមនឹងនេះដែរ លោក ជា ចាន់តូ និងក្រុមការងារ ក៏បានទៅពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារសុខាភិបាលថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង ដែលជាអំណោយរបស់លោក និងលោកស្រីផ្ទាល់ ដែលមានទទឹង១៥ម៉ែត្រ បណ្ដោយ៤៥ម៉ែត្រ ដែលចែកចេញជា២៨បន្ទប់ មានកម្ពស់២ជាន់ និងមានបំពាក់សម្ភារបរិក្ខារសុខាភិបាលយ៉ាងទំនើប ដើម្បីសម្រួលដល់ការព្យាបាលជំងឺផ្សេងៗជូនពលរដ្ឋក្នុងមូលដ្ឋានឲ្យបានឆាប់ជាសះស្បើយនឹងកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា អគារសិក្សាថ្មីដែលត្រូវលសាងសង់ គឺមានបណ្ដោយ៥៤ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់ពីរជាន់ និងមានចំនួន១២បន្ទប់៕