(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មការ សន្តិសុខ ការពារជាតិ នៃកិច្ចប្រជុំកំពូលលើកទី១ CLV នៃកិច្ចប្រជុំកំពូលសភាលើកទី១ CLV ដឹកនាំដោយប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិរដ្ឋសភាប្រទេសទាំងបី កម្ពុជា-ឡាវ និងវៀតណាម។ ភាគីកម្ពុជាមាន លោក កែប ជុតិមា ប្រធាន គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាចូលរួមជាសហប្រធានកិច្ចប្រជុំ។

ចំណែកគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ លោក សុខ ឥសាន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃព្រឹទ្ឋសភា។

កិច្ចប្រជុំបានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង សភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងសាមគ្គីគ្នាបន្តអនុវត្តន៍នូវសកម្មភាពជាស្នូលរបស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA យ៉ាងសកម្ម។ រដ្ឋាភិបាលប្រទេសទាំងបី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីកសាងភាពធន់ ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិភាព សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជន រួមជាមួយ និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំកំពូលសភា កម្ពុជា-ឡាវ-វៀតណាម(CLV) ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម” ក្នុងគោលបំណងលើកកម្ពស់សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព និងនិរន្តរភាព។

កិច្ចប្រជុំកំពូលសភា CLV លើកទី១ គឺជាការអនុវត្តកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងបី អនុលោមតាមសេចក្តីថ្លែងការណ៍រួមរវាងប្រធានរដ្ឋសភានៃប្រទេសទាំងបី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានសម្រេច «លើកកម្ពស់យន្តការកិច្ចប្រជុំគណៈកម្មាធិការនៃរដ្ឋសភា CLV ទៅកម្រិតកិច្ចប្រជុំកំពូលសភា CLV ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង»