(ប៉េកាំង)៖ កាលពីថ្ងៃទី ៥ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានចូលរួមក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិស្តីពី "ការរំលឹកខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស" ដែលធ្វើឡើងនៅទីក្រុងប៉េកាំង និងថ្លែងសុន្ទរកថាគន្លឹះ។

លោក Wang Yi បានលើកឡើងថា បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនតែងតែតម្កល់ការជំរុញ និងការការពារសិទ្ធិមនុស្សក្នុងឋានៈសំខាន់ ដោយប្រកាន់ខ្ជាប់ការរួមបញ្ចូលគោលការណ៍ជាទូទៅ នៃសិទ្ធិមនុស្សជាមួយនឹងស្ថានការណ៍ជាក់ស្តែងរបស់ប្រទេសចិន ហើយបានដើរលើផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្ស ដែលស្របតាមចរន្តនៃយុគសម័យ និងសមស្របនឹងលក្ខខណ្ឌជាតិរបស់ប្រទេសខ្លួន។

លោក Wang Yi បានសង្កត់ធ្ងន់ថា ចិនមានឆន្ទៈក្នុងការប្រាស្រ័យទាក់ទងនិងសន្ទនាជាមួយប្រទេសទាំងអស់ដោយឈរលើមូលដ្ឋាន សមភាព និងគោរពគ្នា ពួតដៃគ្នាដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ក្នុងសេចក្តីប្រកាស។លោកបានលើកសំណើដូចខាងក្រោម៖ ទីមួយ អំពាវនាវឱ្យមានសន្តិសុខរួម ដើម្បីបង្កបរិយាកាសអន្តរជាតិ ប្រកបដោយសន្តិភាពបន្ថែមទៀត សម្រាប់ការសម្រេចបាននូវសិទ្ធិមនុស្ស។ ទី២ គឺប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជាអាទិភាព និងផ្តល់នូវមូលដ្ឋាន សម្ភារៈដ៏រឹងមាំបន្ថែមទៀតសម្រាប់ការអនុវត្តសិទ្ធិមនុស្ស។ ទី៣ គឺជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក និងផ្តល់ជម្រើស កាន់តែសម្បូរបែបសម្រាប់ការអនុវត្តសិទ្ធិមនុស្ស។ ទី៤ គឺប្រកាន់ខ្ជាប់ភាពយុត្តិធម៌ និងសមភាព ដើម្បីផ្តល់ជាវេទិកាកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពសម្រាប់ការអនុវត្តសិទ្ធិមនុស្ស៕

អត្ថបទដោយវិទ្យុមិត្ភាពកម្ពុជាចិន