(ភ្នំពេញ)៖ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» នៅកោះពេជ្រ ដើម្បីជំរុញឲ្យប្រជាជនខ្មែរមានទម្លាប់ ក្នុងការអានសៀវភៅ។

ការប្រកាសអំពីការរៀបចំពិព័រណ៍សៀវភៅលើកទី១០នេះ បានធ្វើឡើងដោយគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ សន្និសីទនេះមានការចូលរួមពី លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហុក សិទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងនាយកអង្គការស៊ីប៉ា លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជា លោក ព្រំ វិទូ តំណាង Tiger Balm និងលោក ណូ ច័ន្ទណារ៉ា តំណាងក្រុមហ៊ុន OCIC ព្រមទាំងក្រុមការងារជាច្រើននាក់។

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ មានគោលដៅដូចជា៖
* ផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ ទាំងស្នាដៃនិពន្ធចាស់ ថ្មី ដើម្បីមានទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស
* ជំរុញឲ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅដើម្បីបញ្ជូនជាសារមួយជូនដល់យុវជនឲ្យស្គាល់តម្លៃនៃការអានអភិវឌ្ឍន៍ចំណេះដឹង បង្កើនគំនិតសិក្សា និងការងារ
* បង្កើនវិធីនិទានរឿងរូបភាពផ្សេងៗ ដ៏កុមារលើកទឹកចិត្តកុមារឲ្យស្រឡាញ់សៀវភៅ
* គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅក្នុងកម្ពុជា និងពិភពលោក
* លើកទឹកចិត្តដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវវិចិត្រករខ្មែរ ដើម្បីបង្កើនស្នាដៃថ្មីៗបន្ថែមទៀត។

ការនិពន្ធសៀវភៅ គឺជាខ្សែភាពយន្តអភិវឌ្ឍន៍ជំនាញការអានចាប់ផ្ដើមអំណានដំណាក់កាលដំបូងនៃជីវិត រួមទាំងអំណានថ្នាក់ដឹកនាំការចូលរួមពិភាក្សា និងទទួលយកបទពិសោធន៍ពី អ្នកនិពន្ធល្បីៗនិងមានការចុះហត្ថលេខាពីរនាក់និពន្ធ និងវិចិត្រករផងដែរ។ ចំណែកឯ ប្រភេទសៀវភៅមានគ្រប់ប្រភេទ ដែលបានដាក់តាំងលក់តាមស្ដង់នីមួយៗ រួមមាន៖ សៀវភៅបែបប្រលោមលោក សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សៀវភៅទស្សនវិជ្ជា និងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅទាក់ទងនឹងសាសនានិងសិល្បៈ ជាដើម។ សម្រាប់ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣នេះ បានត្រៀមស្ដង់រហូតទៅដល់ ៣០០ស្តង់ ប៉ុន្តែស្តង់ដែលបានចែកចាយអស់ត្រឹមតែ២២៨ ស្តង់ ស្តង់ដៃគូទំនាក់ទំនងមានចំនួន២០ស្តង់ សម្រាប់ស្តង់ស្ព័នស័រមានចំនួន ១២ ស្តង់។

បន្ថែមពីនេះ តាមស្ដង់នីមួយៗ នឹងមានការបញ្ចុះតម្លៃពិសេសរហូតដល់៥០% និងមានការចែកជូនសៀវភៅដោយឥតគិតថ្លៃ ព្រមទាំងកាដូពិសេសៗផងដែរ។ មិនតែប៉ុណ្ណោះ ពិព័រណ៍សៀវភៅកម្ពុជា ក៏បានរៀបចំសកម្មភាព លេងល្បែងកំសាន្តជាមួយនឹងអ្នកចូលរួមដើម្បីឈ្នះរង្វាន់ផ្សេងៗ ការប្រគំតន្ត្រី ដែលចូលរួមសម្ដែងដោយតារា ចម្រៀងល្បីៗ។ អ្នកចូលរួមអាចមកទិញសៀវភៅផង ជួបជាមួយអ្នកនិពន្ធផ្ទាល់ ជាវវត្ថុអនុស្សាវរីយ៍ជាមួយនឹងក្រុមការងារ និងបានថតរូបលេងកម្សាន្តផងដែរ។

សូមជម្រាបដែរថា ប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ប្រធានបទនេះ គឺចាប់យកពាក្យរណ្ដំ ចំណាន ចំណាប់ ចំណេះ បានជាដាក់ពាក្យរណ្ដំ គឺងាយស្រួលចងចាំខ្លី «ចំណាន» ខ្លឹម «ចំណាប់» ខ្លាំង «ចំណេះ» ហើយហេតុផលដែលកំណត់យកប្រធានបទនេះ សរសេរមុនអាន គណៈកម្មការ បានជជែកគ្នា មុននឹងបានសៀវភៅមកអានត្រូវមានការសរសេរសិន អ្នកសរសេរអ្នកនិពន្ធ អ្នកបង្កើតស្នាដៃ បានចំណាន បានអ្នកអាននិងចំណាប់ គឺបង្កើនកម្រិតនៃអ្នកនិពន្ធ អ្នកនិពន្ធល្អ ធ្វើឱ្យអ្នកអានល្អ ចំណេះដឹងល្អ ធ្វើឲ្យសង្គមល្អ៕