(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា ៥០ភាគរយជូនសិស្សភេទប្រុសដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A,B ឬ C សរុបចំនួន ៧៥កន្លែង សម្រាប់អ្នកបានមកចុះឈ្មោះមុនគេ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសណាមួយ។
អាហារូបករណ៍បង់ថ្លៃសិក្សា៥០ភាគរយ សម្រាប់សិស្សភេទប្រុសនិទ្ទេស A,B ឬ C ចំនួន ៧៥កន្លែង នេះ រួមមាននៅរាជធានីភ្នំពេញចំនួន ១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន ១០កន្លែង, សាខាខេត្ត កំពង់ធំចំនួន ១០កន្លែង, សាខាខេត្តសៀមរាបចំនួន១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន ១០កន្លែង, សាខាបាត់ដំបងចំនួន ១០កន្លែង និងសាខាខេត្តកំពតចំនួន ១០កន្លែង។
ក្នុងគោលបំណងជួយសម្រួលបន្ទុកគ្រួសាររបស់សិស្សភេទប្រុសទាំង ៧៥នាក់នេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS សហការជាមួយក្រុមហ៊ុន ស៊ី យូ អេស គ្រុប, សណ្ឋាគារដ្រេហ្គនរ៉ូយ៉ាល់ ស៊ី យូ អេស ខេត្តសៀមរាប និងក្រុមហ៊ុនដៃគូជាច្រើនបានរួមគ្នាឧបត្ថម្ភការសិក្សា នៅឆ្នាំទី១ ប្រចាំខែចំនួន ១០០,០០០រៀលបន្ថែមទៀត។ ចំពោះនិស្សិតអាហារូបករណ៍សិស្សឆ្នើមនិទ្ទេសA, B, C ទាំងអស់ដែលបានបំពេញភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណសម្បត្តិ និងការអភិវឌ្ឍរបស់សាកលវិទ្យាល័យ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS គឺជាគ្រឹះស្ថានឧត្តមសិក្សាធំមួយនៅកម្ពុជាដែលមាន ការគាំទ្រពីបុគ្គលិក សាស្រ្តាចារ្យ មហាជន និងនិស្សិតជាច្រើនក្នុងមួយឆ្នាំៗរហូតដល់ជិតពីរម៉ឺននាក់កំពុងសិក្សា និងមានក្រុមហ៊ុន សហគ្រាស អង្គការ ធនាគារ ដៃគូកិច្ចសហប្រតិបត្តិការក្នុងស្រុកចំនួន៥៥០ និងដៃគូជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៉ីស្រាអែល សម្រាប់ផ្តល់ឱកាសដល់និស្សចុះកម្មសិក្សា ទស្សកិច្ចសិក្សា និងទទួលបានអាហារូបករណ៍បន្តការសិក្សាទៅកម្រិតខ្ពស់ជាងបន្តទៀត។
បច្ចុប្បន្នសាកលវិទ្យាល័យមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធ អគារសិក្សាកាន់តែទំនើប,បំពាក់ធនធានបច្ចេកវិទ្យា៖ កំព្យូទ័រស៊េរីថ្មីចុងក្រោយ, Smart TV, ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាថ្មី, LCD គ្រប់បន្ទប់សិក្សា, បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត, បន្ទប់អនុវត្តកុំព្យូទ័រ, បន្ទប់អនុវត្តភាសា,បន្ទប់អនុវត្តវិទ្យាសាស្រ្តសង្គមសវនាការប្រឌិត, បន្ទប់អនុវត្តជំនាញគណនេយ្យ និងជំនាញហិរញ្ញវត្ថុតាមបច្ចេកវិទ្យា, បណ្ណាល័យធំទូលាយ ដ៏ច្រើនសន្លឹកសន្ធាប់ដើម្បីបម្រើឱ្យការបង្រៀន, រៀនសូត្រ, ស្រាវជ្រាវ, អនុវត្តដកពិសោធន៍របស់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជានាពេលថ្មីៗនេះ៕