(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា គិតមចាប់ពីថ្ងៃដែលកម្ពុជាចូលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ACU កម្ពុជា បានចូលរួមត្រួតពិនិត្យការអនុវត្តការងារប្រឆាំងអំពើពុករលួយនៅប្រទេសចំនួន៥ រួមមាន៖ ម៉ារតា, ប៉ាឡាវ, អារ៉ាប់ប៊ីសាអូឌីត, គិរីបាស់ ខណៈបច្ចុប្បន្នកំពុងត្រួតពិនិត្យដំណើរកាប្រឆាំងអំពើពុករលួយ នៅប្រទេសលីបង់។

ការឱ្យដឹងបែបនេះរបស់ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីបង្ហាញពីសមិទ្ធផលការងាររបស់ ACU និងអបអរសាទរទិវាអន្តរជាតិ និងទិវាជាតិ ៩ ធ្នូ ប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងថា ប្រទេសកម្ពុជា បានចូលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) កាលពីឆ្នាំ២០០៧ ពោលគឺក្រោយថ្ងៃបង្កើតអនុញ្ញានេះឡើងរយៈពេល៤ឆ្នាំ ក្នុងនាមជាសមាជិកនៃអនុញ្ញានេះ ប្រទេសនីមួយត្រូវតែបើកទ្វារឱ្យអង្គការសហប្រជាជាតិ មកពិនិត្យការអនុវត្តការងារប្រឆាំងអំពើពុករលួយតាមកាលកំណត់។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាសមាជិក UNCAC ដូចគ្នាដែរ និយាយដោយរួម និងនិយាយដោយឡែកអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែមានអ្នកជំនាញការរបស់ខ្លួន ដើម្បីចេញទបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ត្រួតពិនិត្យការអនុវត្តការប្រឆាំងអំពើពុករលួយ នៅប្រទេសផ្សេងៗដែរ កន្លងមកសូមជម្រាបថាកម្ពុជា ក៏បានទៅបំពេញកិច្ចការងារនេះ៥ប្រទេស, ប្រទេសម៉ាតា, ប្រទេសប៉ាឡាវ, ប្រទេសអារ៉ាប់ប៊ីសាអូរឌីត, ប្រទេសគិរីបាស់ ហើយអីឡូវនេះយើងកំពុងត្រួតពិនិត្យដំណើរកាប្រឆាំងអំពើពុករលួយនៅប្រទេសលីបង់»។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា ការចូលរួមនេះក្នុងនាមសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិ ចំណែកកម្ពុជា គឺមានច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ផ្សេងៗដែលទាំងអស់នេះសុទ្ធតែស៉ីចង្វាក់គ្នា។ បន្ថែមពីនេះកម្ពុជា មានស្ថាប័នដើម្បីធ្វើកិច្ចការងារលើផ្នែកប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ប្រធាន ACU រូបនេះ បានអះអាងថា ចំពោះការប្រឆាំងអំពើពុករលួយ គឺកម្ពុជា​មិនមែនធ្វើតែម្នាក់ឯងនោះទេ ប៉ុន្តែ កម្ពុជាធ្វើការងារនេះជាមួយបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។

បន្ថែមពីនេះទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ខាងមុននេះ គឺជាខួបទី២០ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ដែលនឹងប្រព្រឹត្តធ្វើឡើងក្រោមប្រធានបទ «សកលលោករួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីការអភិវឌ្ឍ សន្តិភាព និងសន្តិសុខ»។

បើតាមលោក សេង ឃាង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអ្នកជំនាញអង្គការសហប្រជាជាតិ បានទៅត្រតពិនិត្យការអនុវត្តអនុញ្ញាអង្គការសហប្រជាជាតិ (UNCAC) បានឱ្យដឹងថា តាមរយៈការអនុវត្តអនុញ្ញា UNCAC កន្លងមកកម្ពុជា បានទទួលជោគដ៏ទូលំទូលាយ ក្នុងការអនុវត្តជំពូកទាំងអស់នៃអនុសញ្ញាអង្គការសហប្រជាជាតិ (UNCAC) ដែលកម្ពុជា បានបំពេញកាតព្វកិច្ចគ្រប់គ្រាន់ ក្នុងការឆ្លើយសំណួរ និងរបាយការណ៍ដែលដាក់ជូនអង្គការសហប្រជាជាតិ។

មន្ត្រីជាន់ខ្ពស់ ACU រូបនេះ បានបញ្ជាក់ថា កម្ពុជា មានលក្ខខណ្ឌគ្រប់គ្រាន់ ទៅលើក្រខណ្ឌច្បាប់ ក្របខណ្ឌគោលនយោបាយ និងឆន្ទៈនយោបាយពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកឱ្យដឹងថា សព្វថ្ងៃមានប្រទេសចំនួន១៩០ បានទទួលបន្ទុកអនុវត្តនូវជំពូកទី២ ដែលនិយាយអំពីការបង្ការ និងការទប់ស្កាត់អំពើពុករលួយ, ជំពូកទី៣ និយាយអំពីការកំណត់បទល្មើសព្រហម្មទណ្ឌ ឬក៏ជាបទល្មើសឧក្រិដ្ឋ និងជំពូកទី៤ និយាយពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ការប្រឆាំងអំពើពុករលួយ និងជំពូកទី៥ និយាយពីការរឹបអូស ការបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ។

សូមបញ្ជាក់ថា ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ ធ្នូ បានកកើតឡើងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តលើអនុសញ្ញានេះ ក្នុងឆ្នាំ២០០៣ ដែលមានប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួមក្នុងអនុសញ្ញានេះសរុបចំនួន ១៨៩ប្រទេសគិតត្រឹមឆ្នាំ២០២១។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី៩ ធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ» ក្នុងគោលបំណង៖ ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ, លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ, បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ, កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ។

យោងតាមអនុក្រឹត្យ, ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ របស់រាជរដ្ឋាភិបាលកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុករៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយរួមសហការជាមួយក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនគ្រប់លំដាប់ថ្នាក់ឱ្យចូលរួមប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានលក្ខណៈឱឡារិក៕