(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងបញ្ជាក់ថា បេសកកម្មការងាររបស់ប្រតិភូគណបក្សនយោបាយ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មី នឹងមិនតម្រូវឱ្យសុំការអនុញ្ញាតពីអគ្គលេខាធិការជាមុនទេ ហើយរាជរដ្ឋាភិបាលបានផ្តល់ថវិកា៤លានរៀលក្នុងមួយខែថែមទៀត ដល់ប្រតិភូគណបក្សនីមួយៗ យកទៅចាត់ចែងដោយស្វ័យទទួលខុសត្រូវ ដើម្បីបានជាសមិទ្ធផលរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

លោក ឈឹម ផលវរុណ បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសន្និសីទព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយកិច្ចប្រជុំនោះមានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។

លោក ឈឹម ផលវរុណ បានថ្លែងដូនេះថា «កាលពីអាណត្តិមុន ប្រតិភូគណបក្សនីមួយៗ នៅពេលដែលចុះបេសកកម្មនៅឯមូលដ្ឋាន (១) ត្រូវសុំលិខិតបេសកកម្មពីលេខាធិការដ្ឋាន (២) ត្រូវស្នើសុំថវិកាតាមរយៈលេខាធិការដ្ឋានទៅរាជរដ្ឋាភិបាលក្នុងមួយករណីៗ អញ្ចឹងកាលនោះមាន ១៦គណបក្ស ហើយបទពិសោធន៍ឥឡូវនេះ យើងពង្រីកឱ្យលំហឯករាជ្យអធិបតេយ្យភាព ដើម្បីប្រតិភូគណបក្សនីមមួយៗ ព្រោះមានដល់ ២៩គណបក្ស អញ្ចឹងយើងមានលទ្ធភាពទូលាយ គឺមិនចាំបាច់ត្រូវការលិខិតសុំបេសកកម្ម ឬសុំលុយសម្រាប់បេសកម្មនីមួយៗទេ គឺរាជរដ្ឋាភិបាលបានផ្តល់ថវិកា ៤លានរៀលក្នុងមួយខែ ដល់ប្រតិភូគណបក្សនីមួយៗ យកទៅចាត់ចែងដោយស្វ័យទទួលខុសត្រូវ»

លោក ឈឹម ផលវរុណ បានបន្ថែមទៀតថា ការយកទៅចាត់ចែងដោយស្វ័យទទួលខុសត្រូវនេះ គឺធ្វើយ៉ាងណាឱ្យបានទៅជាសមិទ្ធផល ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដោយរដ្ឋាភិបាលមិនត្រួតពិនិត្យថា យកថវិកានេះទៅធ្វើអីនោះទេ គឺដឹងតែរង់ចាំសមិទ្ធផលរបស់ប្រតិភូគណបក្សនីមួយៗផងដែរ។

លោក ឈឹម ផលវរុណ បានអះអាងទៀតថា សមិទ្ធផលរបស់គណបក្សនីមួយៗត្រូវធ្វើទស្សនទាន ឬក៏មតិយោបល់គោរពជូន សម្តេចនាយករដ្ឋមន្ត្រី តាមរយៈលេខាធិការដ្ឋាននូវសំណូមពរ ឬអ្វីដែលបានឃើញជាក់ស្តែងនៃការងារ ពីព្រោះការងារផ្តល់ទស្សនទានដល់នាយករដ្ឋមន្ត្រី មិនមែនទាល់តែពេលចុះបេសកកម្មនោះទេ គឺត្រូវតែធ្វើការសិក្សា ប្រមូលព័ត៌មានផ្សេងៗ តាមវិធីច្រើន ដូចនេះរាជរដ្ឋាភិបាលមិនចង្អៀតទេ គឺមានការបើកទូលាយ ដោយផ្តល់ឯករាជភាពជូនប្រតិភូគណបក្សនីមួយៗ តាមវិធីនិងអ្វីដែលខ្លួនយល់ឃើញ ហើយលេខាធិការដ្ឋានរង់ចាំតែសមិទ្ធផលដែលប្រតិភូគណបក្សនីមួយៗធ្វើដើម្បីបន្តបញ្ជូនទស្សនទាននេះជូននាយករដ្ឋមន្ត្រី។

លោកបានបន្ថែមទៀតថា ក្រៅពីនេះភារកិច្ចមាន ៣ចម្បងដដែល ដែលមានចែងនៅក្នុងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលមានទាំងសិទ្ធិក្នុងការផ្ដល់យោបល់លើការតាក់តែងគោលនយោបាយ សិទ្ធិក្នុងការផ្ដល់យោបល់អំពីភាពចាំបាច់នៃការធ្វើវិសោធនកម្មច្បាប់ ក៏ដូចជាការកែសម្រួលអនុក្រឹត្យ និងលិខិតបទដ្ឋាននានា ក៏ដូចជាសិទ្ធិក្នុងការតាមដានការអនុវត្តច្បាប់និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕