(ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋានអាស៊ាន។

អំណោយដែលលេខាធិការដ្ឋានអាស៊ានទទួលថ្ងៃនេះ សបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសន័រវែសចំពោះការស្រាវជ្រាវផ្នែកលំហរសមុទ្រ ការចែករំលែកចំណេះដឹង និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃមហាសមុទ្រសម្រាប់អនាគតប្រកបដោយចីរភាព។

បន្ទាប់មកលោកបណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឲ្យលោក Hassan Mohtashami តំណាងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ប្រចាំឥណ្ឌូណេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការលើកកម្ពស់គំនិតផ្តួចផ្តើមនានារបស់អាស៊ាន ស្តីពីសមភាពយែនឌ័រ និងការលុបបំបាត់អំពើហិង្សាចំពោះស្ត្រី នៅក្នុងតំបន់ ក៏ដូចជា ការអភិវឌ្ឍយុវជន។ ភាគីទាំងពីរបានគូសបញ្ជាក់ឡើងវិញអំពីតម្រូវការធ្វើការរួមគ្នា ព្រមទាំងរិះរកវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញប្រគល់ពានរង្វាន់ប្រចាំខែវិច្ឆិកា ដល់បុគ្គលិកឆ្នើមនៅលេខាធិការដ្ឋានអាស៊ាន។

សូមជម្រាបជូនថា នេះជាជ័យលាភីទី៤ ហើយ ដែលត្រូវបានទទួលពានរង្វាន់ប្រចាំខែ ចាប់តាំងពីកម្មវិធីនេះ ត្រូវបានផ្តួចផ្តើមដោយលោកបណ្ឌិត កៅ គឹមហួន។ ជ័យលាភីទទួលបានវិញ្ញាបនបត្រ ក៏ដូចជារង្វាន់ពីលោកអគ្គលេខាធិការអាស៊ាន។

នៅរសៀលថ្ងៃដដែល នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Tomáš Ferko ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស្លូវ៉ាគីប្រចាំអាស៊ាន បានជូនសារតាំង ដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបង្កើនកិច្ចសហការ លើវិស័យដែលជាការចាប់អារម្មណ៍ទៅវិញទៅមក រវាងអាស៊ាន និងស្លូវ៉ាគី។

លោកបណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយ លោកជំទាវ Deemah AlYahya អគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការឌីជីថល (DCO) តាមអនឡាញ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ធ្វើយ៉ាងណាឲ្យអង្គការទាំងពីរអាចដើរតួនាទីឈានមុខ ក្នុងការចូលរួមពង្រឹងសេដ្ឋកិច្ចឌីជីថលទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ព្រមទាំងពង្រឹងបរិវត្តកម្មឌីជីថលផងដែរ។

លោកបណ្ឌិត កៅ គឹមហួន ក៏បានបន្ដទទួលជួបគណៈប្រតិភូពីក្រសួងការបរទេសនៃព្រះរាជាណាចក្របារ៉ែន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់រកវិធីសាស្ត្រដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងបារ៉ែន ឲ្យកើនឡើងមួយកម្រិតថែមទៀត៕