(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅតែបើកទ្វារទទួលស្វាគមន៍ គណបក្សនយោបាយស្របច្បាប់ ដែលបានចុះឈ្មោះត្រឹមត្រូវជាមួយក្រសួងមហាផ្ទៃ។

លោកបានឲ្យដឹងបែបនេះ ក្នុងពេលសន្និសីទព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំ លើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦​ ខែធ្នូ ឆ្នាំ២០២៣។

បើតាមលោក ឈឹម​ ផលវរុណុ, គណបក្សនយោបាយ ដែលចង់សុំចូលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោយរយៈពេល ១សប្តាហ៍ ដែលយន្តការនេះបង្កើតឡើង គណបក្សនយោបាយនោះ មានឈ្មោះត្រឹមតែជាសមាជិកធម្មតា តែរបៀបរបបការងារ មានកម្រិតស្មើនឹងសមាជិកស្ថាបនិកដែរ។ គណបក្សនយោបាយ ដែលមានឈ្មោះជាសមាជិកធម្មតា ទទួលបានសមាសភាពប្រតិភូ៣នាក់ប៉ុណ្ណោះ ខណៈសមាជិកស្ថាបនិក មានសិទ្ធិទទួលបានសមាសភាពប្រតិភូ ៦នាក់។

លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ ក៏យើងនៅទទួលស្វាគមន៍ពីការសុំចូលជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពីសំណាក់គណបក្សនយោបាយដទៃទៀត ដែលមិនទាន់បានចូល ប៉ុន្តែការចូលនៅពេលនេះ ទទួលបានលក្ខណៈសម្បត្តិជាសមាជិកធម្មតា មិនមែនសមាជិកស្ថាបនិកទេ»

លោកប​ន្តថា៖ «យោងតាមព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ពាក្យថា សមាជិកធម្មតា មានសិទ្ធិស្មើគ្នាក្នុងការបំពេញភារកិច្ច ដូចសមាជិកស្ថាបនិក គ្រាន់តែចំនួននៃសមាសភាពប្រតិភូមានតែគ្នា ៣នាក់ទេ មានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងលេខាធិការប្រតិភូ ចំពោះប្រតិភូដែលជាស្ថាបនិកមាន ៦នាក់ ប្រធាន អនុប្រធាន មានសមាជិក មានលេខា​ និងជំនួយការ ២រូប របស់ប្រធានប្រតិភូ»

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកាល ពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។

ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នានីតិកាលទី៧ មានគណបក្សនយោបាយ ចូលរួមចំនួន ២៩ហើយ គិតដល់ពេលនេះ៕