(ភ្នំពេញ)៖ មានជំងឺ ៦០០លានករណី និងមនុស្សប្រមាណ ៤២០ពាន់នាក់ ត្រូវបានបាត់បង់ជីវិ​ត​នៅ​ទូទាំង​សកលលោកជារៀងរាល់ឆ្នាំ ដោយសារតែបញ្ហាអាហារគ្មានសុវត្ថិភាព។ ម៉្យាងវិញទៀត អត្រាម​រណៈ​ភាពកុមារអាយុ ក្រោម៥ឆ្នាំមានប្រមាណ៤០ភាគរយ បង្កឡើងដោយម្ហូបអាហារគ្មានសុវត្ថិភាព នេះបើតាម អង្គការស្បៀងនិង កសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)។ បញ្ហានេះបានរារាំង កំណើនសេដ្ឋកិច្ច និងការបាត់បង់ផលិតភាពប្រចាំឆ្នាំរហូតដល់ ៩៥ពាន់លានដុល្លារនៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម។

សុវត្ថិភាពចំណីអាហារ គឺជាប្រធានបទរួម ដែលត្រូវបានជ្រើសរើសយកមកជជែកពិភាក្សា ចែករំលែកក្នុង ចំណោម រាជរដ្ឋាភិបាល សហគមន៍កសិកម្ម កសិករ យុវជន យុវនារី អង្គការសង្គមស៊ីវិល និងដៃគូអភិ​វឌ្ឍ​ន៍ នៅក្នុងវេទិកាកសិករលើកទី១២ និងការតាំងពិព័រណ៍ចំណេះដឹង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលដាយកូនៀរាជធានីភ្នំពេញ។

លទ្ធផលរំពឹងទុក៣សំខាន់ៗ ដែលវេទិកាកសិករលើកទី១២ គ្រោងសម្រេចបានគឺ ១) អ្នកពាក់ព័ន្ធ និង កសិករ​បានយល់យ៉ាងច្បាស់អំពីស្តង់ដារសុវត្ថិភាពចំណីអាហារ គោលការណ៍ណែនាំ គោលការណ៍ និង​ច្បាប់​នៅកម្ពុជា, ២) ភាគីពាក់ព័ន្ធ និងកសិករបានចែករំលែក និងសិក្សាពីការអនុវត្តល្អៗជាច្រើន​អំពី​សុវត្ថិ​ភាពចំណីអាហារ នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មនីមួយៗ ដែលអនុវត្តដោយបុគ្គល និងសហករណ៍​កសិ​កម្ម, ៣) ចងក្រងឱ្យមាន ឯកសារស្តីពីការអនុវត្តល្អនៅក្នុងខ្សែច្រវាក់តម្លៃនីមួយៗសម្រាប់ការ​លើកកម្ពស់​សុវត្ថិ​ភាព​ម្ហូបអាហារប្រកបដោយនិរន្តរភាពនៅកម្ពុជា។

លោក សឿង សារឿន នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា «ដើម្បីលើក​កម្ពស់សុវត្ថិភាពចំណីអាហារ យើងត្រូវពិចារណានិងធ្វើសកម្មភាពជាដៃគូរគ្រប់ភាគី និងគ្រប់​កម្រិត លើដំណើរការតាក់តែងច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ការកៀរគរធនធាន ការ​អនុ​វត្ត និងការត្រួតពិនិត្យ នៃចំណុចពាក់ព័ន្ធសំខាន់ៗ រួមមាន ទឹក ទុន ទីតាំងផលិត ទីផ្សារ និងទទួលទាន ឬ អាចនិយាយបានថា ផលិតកម្មដែលរាប់ពីធាតុចូលផលិតកម្ម ការប្រមូលផល ការស្តុក ថែរក្សា ការកែ​ច្នៃ​វេចខ្ចប់ ទីផ្សារ រហូតមកដល់ ផ្ទះបាយ និងទទួលទាន»

សុវត្ថិភាពចំណីអាហារ គឺមានសារៈសំខាន់ណាស់ ចំពោះការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ តើត្រូវធ្វើដូចម្តេចដើម្បីឱ្យយើងដឹងថាចំណីអាហារមានសុវត្ថិភាព?

លោកស្រី ងិន ណាវីរៈ មន្ត្រីជាតិសម្រប សម្រួលកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោក​របស់​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានពន្យល់ថា «សុវត្ថិភាពចំណីអាហារ គឺជាចំណីដែលយើងញាំទៅមិន​ឈឺពោះ និងមិនមានផលប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ»

លោកស្រីបន្ថែមថា អ្នកផលិតពូជ (សត្វ ដំណាំ) អ្នកដាំដុះ អ្នកប្រមូលទិញ អ្នកកែឆ្នៃផលិតម្ហូបអាហារ អ្នក​ដឹកជញ្ជូន អ្នកលក់ និងអ្នកបរិភោគ អ្នករៀបចំគោលនយោបាយ អ្នកត្រួតពិនិត្យម្ហូបអាហារ និងអ្នកថែ​រក្សា ឬ ស្ដុកម្ហូបអាហារ ជាអ្នកទទួលខុសត្រូវលើចំណីអាហារដែលយើងផលិត និងបរិភោគ។

ថ្លែងក្នុងឱកាសបើកវេទិកាកសិករថ្នាក់ជាតិលើកទី១២ «សុវត្ថិភាព ចំណីអាហារ និងពិព័រណ៍ចំ​ណេះ​ដឹង» លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា​ «វិស័យកសិកម្ម​ក្នុងនោះ​រួមមានសុវត្ថិភាព ចំណីអាហារក្នុងច្រវាក់ផលិតកម្ម គឺជាអាទិភាពខ្ពស់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាលអាណត្តិទីប្រាំពីរ ក្នុងគោលដៅជម្រុញផលិតកម្មកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យមាន​សន្ទុះយ៉ាងលឿនសំដៅឆ្ពោះទៅកាត់បន្ថយភាពក្រីក និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ និង ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អភិវឌ្ឍន៍កម្ពុជាឲ្យក្លាយជាប្រទេសមាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ​២០៥០»

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ព្រាប កុល បានស្វាគមន៍ចំពោះការចូលរួមចំណែកគាំទ្រយ៉ាង សកម្ម​របស់តួអង្គពាក់ព័ន្ធទាំងអស់រួមមាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សាជីវកម្ម សហគមន៍ និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ក្នុងបំណងរួមចំណែកដោះស្រាយបញ្ហាខាងលើ តាមរយៈកិច្ច​សហការល្អជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាមួយស្ថាប័នពាក់ព័ន្ធ ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ និងក្រុមជនបង្គោល ការអប់រំផ្សព្វ ផ្សាយ សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មានត្រឹមត្រូវតាមបទដ្ឋាន​បច្ចេកទេស និងកិច្ចពិភាក្សាពហុភាគី រួមទាំងការការ ផ្តល់ធាតុចូលសម្រាប់ជាជំនួយដល់ការរៀបចំ និងតាក់តែងនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការអនុវត្តឱ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពថែមមួយកម្រិតទៀត៕