(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឆ្លើយតបចំពោះអ្នករិះគន់ថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាការខ្ជះខ្ជាយថវិកា។ លោកឈឹម ផលវរុណ បានចាត់ទុកថា ការវាយតម្លៃបែបនោះ គឺពុំបានយល់អំពីតួនាទី និងភារកិច្ចរបស់ស្ថាប័នមួយនេះឡើយ។

លោក ឈឹម ផលវរុណ បានលើកឡើងបែបនវ នៅក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំ លើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោកបានឆ្លើយតបដូច្នេះថា៖ «យើងមិនទោមនស្សចំពោះអ្នករិះគន់ទេ សំខាន់យើងចង់ឱ្យមហាជនដឹងថា មុននឹងយើងវាយតម្លៃអ្វីមួយថា ខ្ជះខ្ជាយថវិកា វាទាល់តែអ្នកដែលថានោះ ត្រូវដឹងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានភារកិច្ចធ្វើអ្វីខ្លះ»

លោកបានបន្តថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនមានសមត្ថកិច្ចដោះស្រាយបញ្ហាទេ ប៉ុន្តែមានសមត្ថកិច្ចក្នុងការផ្តល់ធាតុចូលដល់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយរប្រសិទ្ធភាព ក្នុងការអនុវត្តគោលនយោបាយ ដែលការផ្តល់ធាតុចូលនេះ មានសារសំខាន់ណាស់។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកាល ពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។

ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នានីតិកាលទី៧ មានគណបក្សនយោបាយ ចូលរួមចំនួន ២៩ហើយ គិតដល់ពេលនេះ៕

http://image.freshnewsasia.com/2021/id-025/fn-2023-12-06-18-46-29-0.JPG http://image.freshnewsasia.com/2021/id-025/fn-2023-12-06-18-46-31-1.JPG http://image.freshnewsasia.com/2021/id-025/fn-2023-12-06-18-46-31-2.JPG http://image.freshnewsasia.com/2021/id-025/fn-2023-12-06-18-46-32-3.JPG