(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ១០ថ្ងៃ គិតត្រឹមវេលាម៉ោង៥៖៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យស្នើសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខណៈគណបក្សនយោបាយចំនួន២ទៀតកំពុងពិនិត្យលើពាក្យសុំចុះបញ្ជី។

តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយទាំង២ ដែល គ.ជ.ប កំពុងត្រួតពិនិត្យ គឺគណបក្ស ឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣៕