(កណ្ដាល)៖ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់ចំនួន៧៣ករណី ដែលជាការសំណូមពររបស់ពលរដ្ឋ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ត្រូវបានលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលប្រារព្ធធ្វើនៅបរិវេណវត្តស្វាយជ្រំ ក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងវេទិកានេះ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានឲ្យដឹងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅពេលនេះផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក រវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។

លោកប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ការលើកឡើងនូវមតិយោបល់ សំណើរ សំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល ឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ស្របទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ កាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។

បញ្ហាប្រឈម សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ត្រូវបានលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយ ឲ្យបានទាន់ពេលវេលា។

អ្នកក្រុងអរិយក្សត្រសំណូមពរ ដល់ថ្នាក់ដឹកនាំមេត្តាពន្លឿនពីករណីរបស់ពួកគាត់ផង៕