(ភ្នំពេញ)៖ ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយទទួលបានការចាត់តាំងពីលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Matchima Naradisorn សាកលវិទ្យាធិការ និងសហការី នៃសាកលវិទ្យាល័យ Mae Fah Luang។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីសាកលវិទ្យាធិការ ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងរស់រាយរាក់ទាក់បំផុត រួមទាំងបានពិភាក្សាគ្នា ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ ដោយបង្ហាញពីឆន្ទៈ និងមនសិការធ្វើគម្រោងលើវិស័យសិក្សាធិការរួមគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងប្រទេសទាំងពីរ ក្នុងបរិយាកាសយ៉ាងរីករាយបំផុត។

នាឱកាសនោះ ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យលោក ងួន ស្តេចភក្តី តំណាងលោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក៏បានជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ ដែលកំពុងសិក្សានៅទីនោះផងដែរ។ ជាចុងក្រោយថ្នាក់ដឹកនាំទាំងពីរបានប្រគល់វត្ថុអនុស្សាវរីយ៍ និងថតរូបរួមគ្នាដោយស្នាមញញឹម និងភាពស្និតស្នាល៕