(ភ្នំពេញ)៖ លោក លី ចាន់សុភក្ដី សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហពន្ធ័យុវជនកម្ពុជា, ប្រធានក្រុមប្រឹក្សាយុវជនកម្ពុជា និងជាប្រធានគណៈកម្មការអាហារូបករណ៍ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយ សិស្ស និស្សិត អាហារូបករណ៍មកពី ៦រាជធានី-ខេត្ត រួមមានខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ សរុបប្រមាណជា១០០នាក់ នៅទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។

ក្នុងឱកាសពិធីសំណេះសំណាលជាមួយសិស្ស និស្សិត អាហារូបករណ៍ក្រុមប្រឹក្សាយុវជនកម្ពុជានេះផងដែរ លោក លី ចាន់សុភក្ដី បានសួរសុខទុក្ខ សិស្សមកពីបណ្ដារខេត្ត និងរាជធានីភ្នំពេញ ព្រមទាំងបានផ្ដាំផ្ញើ និងជំរុញទឹកចិត្ត អោយយុវជនគ្រប់ស្រទាប់វណ្ណៈ ចូលរួមគាំទ្រសកម្មភាព សសយក និងចូលរួមចំណែកការងារសង្គម នៅតាមមូលដ្ឋាន ខេត្ត/ក្រុង និងសហគមដែលខ្លួនរស់នៅ និងបំពេញការងារ ធ្វើយ៉ាងណាបែងចែកពេលវេលា ដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីការងារស្មគ្រចិត្ត។

បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តដល់សិស្ស និស្សិត ដែលទទួលបានបានអាហារូបករណ៍ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់គោរពវិន័យសាលា និងរៀនជំនាញដែលខ្លួនស្រលាញ់ និងស្របតាមទីផ្សារការងារក្នុងប្រទេស និងជួយការងារគ្រួសារអោយច្រើនតាមលទ្ធភាពដែលអាចធ្វើបាន៕