(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរ​ភូមិន្ទ និង​ជាមេបញ្ជាការ បញ្ជាការដា្ឋនកាំភ្លើងធំ អគ្គបញ្ជាការ និងលោកស្រី ឆម សុខន ព្រមទាំង​បង​ប្អូន និងកូន​ចៅទាំងអស់ មានទុក្ខជាទម្ងន់ដោយសារមហាឧបាសិកា មុន សៀម-សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីដូនទួត បានទទួល​មរណភាព នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែ កត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣៖៣៣នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

មរណភាពមហាឧបាសិកា មុន សៀម-សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ គឺជាការ​បាត់​​បង់ម្តាយបង្កើត ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំង​កាយ​ចិត្តចិញ្ចឹមបីបាច់ អប់រំទូន្មានកូនៗ និងចៅៗឱ្យទទួលបានធំធាត់ និងទទួលបានចំណេះដឹង​បម្រើ​សង្គម​ជាតិប្រកបដោយក្តីស្មោះត្រង់។

សពមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ នឹងត្រូវតម្កល់​ធ្វើ​បុណ្យនៅគេហដ្ឋាន ភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ទៅតាមប្រពៃណីព្រះពុទ្ធសាស​នា។

ថ្ងៃ ចន្ទ ១៤រោច ខែ កត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៣ វេលា​ម៉ោង ៤៖៤៥នាទីល្ងាច សពមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាស​នូបត្ថម្ភក៍ នឹងត្រូវបូជានៅក្នុងបរិវេណវត្តអង្គរកា ភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ៕