(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនធំចំនួនពីរ ដែលកំពុងវិនិយោគលើផ្នែកផលិតថាមពលអគ្គិសនី និងសាង​ហេដ្ឋា​រចនាសម្ព័ន្ធនៅកម្ពុជា បានចូលជួបលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វែងរកការគាំទ្របន្ថែមលើគម្រោងពង្រីកការវិនិយោគរបស់ខ្លួន។

ជំនួបធ្វើឡើងនារសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូល​ជួបឧបនាយក​រដ្ឋមន្ត្រីរួមមាន៖ ក្រុម​ហ៊ុន Prime Road Power Public និងក្រុមហ៊ុន Rafulin Holdings ដឹកនាំដោយ​ឧកញ៉ា​ Dato' Mohamed Faffle K. Chekku និងលោក​ Piroon Shinawatra។

ជំនួបនេះធ្វើឡើងតាមសំណើសុំរបស់ក្រុមហ៊ុន ដើម្បីសិក្សាបន្ថែមទៀតអំពី​សក្តានុ​ពល និងឱកាសវិនិយោគ​នៅកម្ពុជា មានជាអាថិ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យា​ជា​ដើម។

សូមជម្រាបថា ក្រុមហ៊ុន Prime Road Power Public Co., Ltd. គឺជាក្រុមហ៊ុនផលិតថាមពលកកើត​ឡើងវិញ ដែលមានដំណើរការផលិតថាមពលបៃតងស្អាតចំនួន 307MW រួមបញ្ចូលទាំងថាមពល​ពន្លឺព្រះ​អាទិត្យ 77MW នៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។ ចំណែកក្រុមហ៊ុន Rafulin Holding Sdn Bhd ជា​ក្រុមហ៊ុនដែលវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ នៅក្នុង​ប្រទេសផ្សេងៗ៕