(ភ្នំពេញ)៖ តាមរយៈបណ្តាញសង្គមរបស់សកម្មជនក្រុមប្រឆាំង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បាននាំគ្នាជជែកអំពីការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភាអាណត្តិទី៥ ថាតើនឹងត្រូវបោះឆ្នោតឲ្យគណបក្សមួយណា ?

នៅក្នុងពេលនេះបានបង្ហាញច្បាស់អំពីការដណ្ដើមគ្នារវាងបក្សពីរដែលបានចុះឈ្មោះនៅ គជប រួចហើយ គឺគណបក្សឆន្ទះខ្មែរ និងគណបក្សកម្លាំងជាតិ​ ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សភ្លើងទៀនបោះឆ្នោត ជូនបេក្ខជនសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

អតីតសមាជិកគណៈបក្សភ្លើងទៀន មួយចំនួនដូចជា លោក ស៊ុន ចន្ធី លោក រ៉ុង ឈុន លោក ជា មុនី បាន សម្រេចបោះបង់ចោលគណបក្សភ្លើងទៀន ហើយមកបង្កើតបក្សកម្លាំងជាតិ​ ក្រោមការបញ្ជាដឹកនាំពីក្រៅប្រទេស ក្នុងគោលបំណង ដណ្ដើមសម្លេងឆ្នោតពីគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទីប្រាំ។

តើគណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោត ជាសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ សុខចិត្តដែរឬទេ?

បន្ទាប់ពីសមាជិកគណបក្សភ្លើងទៀនដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន បានទៅចូលរួមសមាជគណបក្សកម្លាំងជាតិ ដែលដឹកនាំដោយ ស៊ុន ចន្ធី គឺត្រូវបានបណ្ដេញចេញពីគណបក្សភ្លើងទៀន ហើយបានផ្លាស់ប្ដូរបុគ្គលផ្សេងមកទទួលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជំនួសវិញ។

ទន្ទឹមនេះនៅថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ២០២៣ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានចេញលិខិតណែនាំព្រមាន ចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀនចំនួន ២១៩៨នាក់ មិនឲ្យធ្វើការសម្រេចចិត្តផ្ទុយពីគោលការណ៍គណបក្ស ហើយនឹងត្រូវប្រឈមនឹងការបណ្ដេញចេញពីគណបក្ស និង លែងបានធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តទៅទៀត។

ស្របពេលជាមួយគ្នានេះដែរ គណបក្សឆន្ទះខ្មែរ ក៏បានចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ផងដែរ ហើយបេក្ខជនដែលឈរឈ្មោះគឺជាអតីតសមាជិកគណបក្សទៀន ក្នុងគោលបំណងឲ្យអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សភ្លើងទៀនបោះឆ្នោតឲ្យដែរ។

ដោយថិតក្នុងស្ថានភាពប្រទាញប្រទង់ លំបាកក្នុងការសម្រេចចិត្ត ដែលអាចធ្វើឲ្យប៉ះពាល់ដល់អនាគនៃមុខតំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ជម្រើសដែលល្អបំផុតគឺ មិនគួរបោះឆ្នោតឲ្យគណបក្សណាមួយឡើយ៕