(ភ្នំពេញ)៖ បណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈថ្មីចំនួន ៣។

ពិធីនេះក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរជំនាញរាជធានី-ខេត្ត តំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

បណ្ឌិត ឈឹម សារ៉េត បានថ្លែងថា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥ មានគោលដៅពង្រឹងយន្តការគណនេយ្យភាព តាមរយៈក្របខណ្ឌនិយ័តកម្ម ដែលក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើរតួនាទីជានិយ័តករ និងសវនកម្មកិច្ចលទ្ធកម្ម។ ចំណែកឯក្រសួង ស្ថាប័ន រាជធានី ខេត្ត សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ជាស្ថាប័នអនុវត្តកិច្ចលទ្ធកម្មផ្ទាល់ ត្រូវមានគណនេយ្យភាពចំពោះកិច្ចលទ្ធកម្ម។ ក្នុងន័យនេះ តម្រូវឱ្យមានការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើកិច្ចលទ្ធកម្មសាធារណៈជាបណ្តើរៗបន្ថែមទៀត ជូនស្ថាប័នដែលអនុវត្តកិច្ចលទ្ធកម្មផ្ទាល់។

បន្ថែមពីលើនេះ ក៏តម្រូវឱ្យមានការពង្រឹង និងកែលម្អយន្តការនៃការទទួល និងដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម ឱ្យមានភាពឯករាជ្យ ដោយបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ និងតម្រូវឱ្យមានការធ្វើសុខដុមនីយកម្មវិធាន បទប្បញ្ញត្តិ និងនីតិវិធីនៃកិច្ចលទ្ធកម្មសាធារណៈ ឱ្យស្របតាមគោលការណ៍គ្រឹះនៃកិច្ចលទ្ធកម្ម និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីបង្កើនការប្រកួតប្រជែងប្រកប ដោយតម្លាភាពនិងប្រសិទ្ធភាពផងដែរ។

ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ច ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំកែលម្អ និងបំពេញបន្ថែមលើ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ ២០១២នេះ។ ជាលទ្ធផល ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៥ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

ច្បាប់ ស្តីពីលទ្ធកម្មសាធារណៈថ្មីនេះ បានកំណត់ពីខ្លឹមសារ និងគោលការណ៍សំខាន់ៗមួយចំនួនរួមមាន៖

* ទិសដៅនៃការកែទម្រង់លទ្ធកម្មសាធារណៈ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបំពេញតួនាទីជានិយ័តករ ដែលមានអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បំពេញមុខងារជាសេនាធិការ និងបានគូសរំលេចពីតួនាទីសំខាន់ៗមួយចំនួន របស់និយ័តករផងដែរ

* ការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ សម្រាប់អនុវត្តវិធីសាស្ត្រលទ្ធកម្មនីមួយៗ ក្នុងគោលបំណង ដើម្បីលើកទឹកចិត្តដល់អ្នកដេញថ្លៃក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និងមធ្យម ចូលរួមក្នុងលទ្ធកម្មសាធារណៈ

* ការអនុវត្តកិច្ចលទ្ធកម្ម ប្រកបដោយចីរភាព គឺដើម្បីចូលរួមចំណែក ក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលដែលត្រូវជម្រុញ ដល់ការប្រើប្រាស់ប្រភពធនធាន ការកាត់បន្ថយជាអតិបរមា លើការបំពុលបរិយាកាស ផលប៉ះពាល់របស់សកម្មភាពមនុស្សលើបរិស្ថាន និងការប្រើប្រាស់ថាមពល ឲ្យកាន់តែមានប្រសិទ្ធភាព

* ការពង្រីកវិសាលភាពការធ្វើលទ្ធកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-GP) ឱ្យស្របតាមនិន្នាការនៃការវិវត្តនៃឌីជីថលលូបនីយកម្ម
* ការពង្រឹងយន្តការនៃការទទួល និងដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម។

បណ្ឌិត ហ៊ីវ សុវណ្ណ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៥ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ យុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ជាពិសេសច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ច្បាប់ស្តីពីលទ្ធកម្មសាធារណៈថ្មីនេះ គឺជាការកែលម្អ និងបំពេញបន្ថែមលើ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ ដែលមានគោលបំណងធានាបាន នូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព  ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករ និងសវនកម្មកិច្ចលទ្ធកម្ម  ចំណែកស្ថាប័នអនុវត្តលទ្ធកម្មនឹងត្រូវបានផ្តល់សិទ្ធិអំណាច និងការទទួលខុសត្រូវជាមួយនឹងគណនេយ្យភាពពេញលេញ ក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

បណ្ឌិត ហ៊ីវ សុវណ្ណ បានគូសបញ្ជាក់ថា ថ្វីត្បិតច្បាប់ ស្តីពីលទ្ធកម្មសាធារណៈថ្មី ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើក៏ពិតមែន ក៏ប៉ុន្តែលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងដែលពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ដែលនៅជាធរមាន គឺនៅមានអនុភាពអនុវត្តបន្ត រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញនៃច្បាប់ ស្តីពីលទ្ធកម្មសាធារណៈថ្មីនេះ។

បន្ថែមពីលើការរៀបចំច្បាប់ ស្តីពីលទ្ធកម្មសាធារណៈថ្មី ដែលត្រូវបានព្រះមហាក្សត្រឡាយ ព្រះហស្តលេខាដាក់ឱ្យអនុវត្តខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បាន និងកំពុងធ្វើការកែសម្រួល និងរៀបចំបង្កើតថ្មីនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ដែលក្នុងនោះមានប្រកាសចំនួន ៣ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុម័ត និងផ្សព្វផ្សាយដាក់ឱ្យអនុវត្តនៅថ្ងៃនេះ រួមមាន៖

១៖ ប្រកាសលេខ ៨៣១ សហវ.ប្រក.អលសា ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការពិនិត្យ និងអនុម័តផែនការលទ្ធកម្ម របស់មន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ

២៖ ប្រកាសលេខ ៨៣២ សហវ.ប្រក.អលសា ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការបង្កើនកម្រិតទឹកប្រាក់សិទ្ធិសម្រេច ក្នុងកិច្ចលទ្ធកម្មសាធារណៈ និង

៣៖ ប្រកាសលេខ ៨៣៣ សហវ.ប្រក.អលសា ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការកំណត់កម្រិតទឹកប្រាក់ សម្រាប់អនុវត្តវិធីសាស្ត្រលទ្ធកម្ម៕