(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារ និងសម្ដែងការគួរសម ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា, លោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង។ ជំនួបនេះបានធ្វើឡើងនាទីស្ដីការក្រសួង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំពីលទ្ធផលគួរជាទីគាប់ចិត្ត នៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នាពេលកន្លងមកដូចជា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង កិច្ចសហប្រតិបត្តិការគាំទ្រសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

ទន្ទឹមនឹងនោះលោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអបអរសាទរនិងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកសាស្ត្រាចារ្យ ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ជាមួយគ្នានេះលោក Jacques PELLET បានបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាង ឆាប់រហ័សជាពិសេសបន្តនិរន្តរភាពការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងការថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈជំនួយអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល និងគម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ ជាច្រើន ក្រោមម្លប់សុខសន្តិភាព។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីបារាំងអំពីអាទិភាព ចម្បងចំនួន ៣នៃអាទិភាពទាំង៩ របស់វិស័យសុខាភិបាល ក្នុងអណត្តិទី៧៖ ១) ការធ្វើឲ្យកាន់តែប្រសើរសេវាសុខភាពនៅមណ្ឌល សុខភាពតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល, ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ សមស្របការផ្គត់ផ្តង់ឱសថ ឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គល ដើម្បីធានាការផ្តល់សេវាប្រកបដោយប្រសទ្ធិភាព សុវត្ថិភាព គុណភាព ២៤ម៉ោង៧ថ្ងៃ។ ២) ការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកសុ្រកនិងខេត្ត តាមរយៈការធ្វើឲ្យប្រសើរឡើងផ្នែក សង្រ្គោះបន្ទាន់, ICU, ផ្នែកវៈកាត់ ផ្នែកមន្ទីរពិសោធន៍និងផ្នែករូបភាពវេជ្ជសាស្ត្រ និងទី៣) ការបង្កើនសមត្ថភាពថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍។

ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាលបារាំង ជាពិសេសតាមរយៈលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕