(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានសហការគាំទ្រ និងរួមចំណែកលើកកម្ពស់សេវាសុខាភិបាលនៅប្រទេសកម្ពុជា ដែលបានផ្តល់សេវាថែទាំ សុខភាពដល់ជនជាប់ឃុំ និងពង្រឹងទំនាក់ទំនងជាមួយប្រព័ន្ធសេវាថែទាំសុខភាពសាធារណៈ។  

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសទទួលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជួបជាមួយលោកស្រី Dena Fisherប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំកម្ពុជា និងក្រុមការងារ នាទីស្ដីការក្រសួង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងការកោតសសើរចំពោះគម្រោងទាំងពីរដែលក្រសួងសុខាភិបាល នឹងបន្តគាំទ្រសហការជាមួយ ICRC និងបានថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានរួមចំណែកជាមួយក្រសួងសុខាភិបាលឆ្លើយតប និងទប់ស្កាត់ការឆ្លងរាតត្បាតនៃកូវីដ-១៩ នៅតាមពន្ធនាគារបានយ៉ាងមាន ប្រសិទ្ធភាព និងទាន់ពេលវេលាបំផុត។

ជាការឆ្លើយតបលោកស្រី Dena Fisher បានជម្រាបអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ជាពិសេសគម្រោង ជំនួយកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា និងកម្មវិធីសុខភាពពន្ធនាគារ។

ទន្ទឹមនឹងនោះលោកស្រីបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។ ក្នុងឱកាសនោះលោកស្រីក៏បានថ្លែងអបអរសាទរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ត គណៈកម្មាធិការកាកបាទក្រហម អន្តរជាតិ (ICRC) ប្រចាំប្រទេសកម្ពុជា បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕