(ភ្នំពេញ)៖ «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» គឺជាផែនទីគូសវាសអភិវឌ្ឍជំនាញនៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត និងធានាថាប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើលក្អសមរម្យ មានសេចក្តីថ្លែថ្នូ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ នេះបើយោងតាមគោលនយោបាយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានហៅផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ជាយុទ្ធសាស្រ្តមួយដ៏សំខាន់ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុងប្រទេសពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលគូសវាសយ៉ាងម៉ត់ចត់នេះ។

សម្រាប់លោកបណ្ឌិត ផែនទីនៃការអភិវឌ្ឍធនធានមនុស្សនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មានចំណូលខ្ពស់ត្បិតថាទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគបែបបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនដែលជាកត្តាធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រឡើង។

សូមបញ្ជាក់ថាតាមរយៈគោលនយោបាយផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដាក់ចេញនូវសរសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ដើម្បីសម្រេចមហិ្ចតានេះ។ ទី១ ការពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ទី៣ ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ទី៤ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងទី៥ចុងក្រោយ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។ តាមរយៈសរសរស្តមទាំងនេះ ក្រសួងរំពឹងថា នឹងមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការអភិវឌ្ឃប្រកបដោយចីរភាព។

យ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានអះអាងថា ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបានរដ្ឋាភិបាលតែម្នាក់ឯងមិនអាចអនុវត្តជោគជ័យបានឡើយដោយទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ៕