(កំពង់ធំ)៖ ខណៈក្រុមប្រឆាំងនៅកម្ពុជាមានភាពបែកបាក់គ្នាកាន់តែខ្លាំងឡើងៗ រួមទាំងគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិផងនោះ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ សារសំឡេងរបស់លោកស្រី លឿង គឹមហ៊ន សមាជិកា គណបក្សកម្លាំងជាតិ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (អតីតប្រធានក្រុមការងារ គណបក្សភ្លើងទៀនស្រុកប្រាសាទសំបូរ) ត្រូវបាន​បែកធ្លាយតាមបណ្តាញសង្គមជាច្រើន ដែលក្នុងនោះបានបង្ហាញនូវការប្រតិកម្មយ៉ាងខ្លាំង ដោយស្នើឲ្យក្រុមប្រឹក្សាជាប់ឆ្នោត ទាំង២១៩៨ របស់គណបក្សភ្លើងទៀន ធ្វើបាតុកម្មដកប្រធានគណបក្សភ្លើងទៀនចេញ !

តាមរយៈសារសំឡេងដែលបែកធ្លាយ លោកស្រី លឿង គឹមហ៊ន បាននិយាយទាំងខឹងសម្បារយ៉ាងដូច្នេះថា «ទេ​ មិនបានបាតុកម្មដកអាមេសម្ព័ន្ធភាពហ្នឹង ដេញចោលទេដឹង​! ក្រុមប្រឹក្សា២ពាន់អ្នកជាង​ ដេញចោលអាប្រធានគណបក្សសម្ព័ន្ធភាពបាតុកម្មដេញចោល​ទេដឹង! ព្រោះអីវាទៅចងសម្ព័ន្ធភាពស្អី​ អត់មានសួរពួកគេថ្នាក់ក្រោម​ ទៅចងតែម្នាក់ឯង​ យកអាចលទ្ធិប្រជាធិបតេយ្យ​របស់កម្លាំងប្រជាពលរដ្ឋយកទៅចងសម្ព័ន្ធភាពម្នាក់ឯង​ បានធ្វើសមាជសំណូមពរពីក្រុមគេ​ ថ្នាក់ដឹកនាំនៃមូលដ្ឋាន​ ឬមួយពីប្រជាពលរដ្ឋអត់​ វាយកទៅចងម្នាក់ឯង​។

ចង់បង្ហោះឲ្យវាណាណីនេះ​ វាបានយកសំឡេងពីប្រជាពលរដ្ឋឯងណោះ ទៅចងសម្ព័ន្ធតែម្នាក់ឯង​ យកអំណាចប្រជាពលរដ្ឋ​ យកអំណាចគេមេដឹកនាំ​ ដែលគេមានលទ្ធិប្រជាធិបតេយ្យ យកចងសម្ព័ន្ធម្នាក់ឯង​ អាមេហ្នឹង អាក្បត់ឧត្តមគតិប្រជាពលរដ្ឋ​ ក្បត់លទ្ធិប្រជាធិបតេយ្យ​ ហើយយកអំណាចមកគម្រាមដកគេតាមឃុំ​ បញ្ជាគេតាមឃុំ​ ដកគេតាមឃុំ​ យឺ​ ឈឺចាប់ណាស់​។ មើលនាំគ្នាបង្ហោះបាតុកម្មដកអាមេហ្នឹងចេញមើល​ អាមេភ្លើងទៀនសម្ព័ន្ធភាពហ្នឹងចេញ​ ដកចេញបានតើ​២ពាន់អ្នកជាង ដកអាមេក្បត់ជាតិ​បានតើបាត់កម្មដកចេញ​ វាដកចាំតែអង្គុយដកបងឯង ឯលទ្ធិប្រជាធិបតេយ្យពិតប្រាកដប្រជាពលរដ្ឋទូទាំងប្រទេសអត់គោរព​ មកគំរាមយកពាក្យហ្នឹងមកគំរាមប្រជាពលរដ្ឋ​ យកមកគម្រាមថ្នាក់ដឹកនាំមូលដ្ឋាន​ ហើយខ្លួនឯង​ដើរទៅចងស្ងាត់ស្ងៀម​ម្នាក់ឯង មេម្នាក់ពីរនាក់ហ្នឹងឯង យកមកគំរាម​គេ​ យើងសុទ្ធចិត្តឲ្យគេគរាមដែរ ពួកទាំងអស់សុទ្ធចិត្តឲ្យគេគំរាមដែរ​ បើបាតុកម្មដកអាមេហ្នឹងចោលចឹងបានទើបត្រូវ»

ជាមួយនោះដែរ ក្រុមសកម្មជនច្រើនបានលើកឡើងថា ក្រោយពីគណបក្សភ្លើងទៀនដើរខុសគោលការណ៍លទ្ធិប្រជាធិបតេយ្យ ខុសលក្ខន្តិកៈគណបក្ស ដែលចេញសេចក្តីសម្រេចដោយអន្តោម័ត ក្នុងការដកថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាជាប់ឆ្នោត តាមបណ្តារាជធានី-ខេត្ត ជាបន្តបន្ទាប់ ទីបំផុតបាតុភាពជាច្រើនបានផ្ទុះចេញ ដោយសកម្មជននៅរាជធានីភ្នំពេញ បានធ្វើការប្រមូលផ្តុំមុខទីស្នាក់ការគណបក្ស និងដាក់ញត្តិតាមស្ថានទូតប្រទេសមហាអំណាច និង UN ដើម្បីទាមទារឲ្យគោរពលំហរប្រជាធិបតេយ្យ ដែលគណបក្សភ្លើងទៀន តែងនិយាយជាប់ជាប្រចាំ៕