(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការក្រើនរំលឹកជាថ្មី ដល់មន្ដ្រីទាំងអស់របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបង្កើនការសិក្សា ស្រាវជ្រាវ ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងដឹកនាំអនុវត្តការងារអនុវត្តច្បាប់ និងផ្សព្វផ្សាយអប់រំ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសអញ្ជើញជាធិបតីភាពពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានប្រៀបប្រដូចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ដូចគ្នាទៅនឹងការប្រយុទ្ធក្នុងសមរភូមិសង្គ្រាមយ៉ាងដូច្នេះដែរ ហើយផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា ការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីផលប៉ះពាល់ នៃគ្រឿងញៀន និងល្បិចកលរបស់ឧក្រិដ្ឋជន ត្រូវកែទម្រង់យន្ដការផ្សព្វផ្សាយអប់រំមួយចំនួន ដែលមិនទាន់មានប្រសិទ្ធខ្ពស់ ដោយត្រូវប្រើប្រាស់នូវយន្ដការថ្មីៗ ធ្វើបែបណាឲ្យមហាជនទូទៅឆាប់ចាប់អារម្មណ៍ ពិសេសក្នុងចង្កោមយុវជន ដែលជាមុខសញ្ញាងាយរងគ្រោះថ្នាក់។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឃើញអាទិភាពទី១ កិច្ចការផ្សព្វផ្សាយអប់រំ យើងលើកនេះយកការផ្សព្វផ្សាយអប់រំទី១ សំខាន់ណាស់ដើម្បីឲ្យប្រជាពលរដ្ឋយើងយល់ដឹង ដូច្នេះសូមរួមសហការគ្នា។ ពាក្យផ្សព្វផ្សាយអប់រំនេះ សូមធ្វើការកែទម្រង់ធ្វើយ៉ាងណាអប់រំឲ្យមានគុណភាព [...] អគ្គលេខាធិការដ្ឋាន នាយកដ្ឋានជំនាញ សិក្សាអំពីផែនការ ខ្លឹមសារ របៀប និងវិធីសាស្ដ្រ ហើយត្រូវរកអ្វីដែលថ្មី រកអ្វីដែលពេញនិយមងាយស្រួលប្រជាពលរដ្ឋតាមដាន»

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ដទៀតថា ការងារផ្សព្វផ្សាយត្រូវរិះរកអ្នកដែលមានឥទ្ធិពល ហើយជាទីចាប់អារម្មណ៍របស់មហាជនទូទៅ ដើម្បីថ្លែងទៅកាន់ពួកគាត់ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ នៃគ្រឿងញៀន ដូចជា តារាចម្រៀង តារាសម្ដែង ព្រះសង្ឃ អ្នកនិពន្ធទាំងកំណាព្យ និងចម្រៀងជាដើម។ ការងារនេះ លោកបានប្រគល់ភារកិច្ចជូនទេសរដ្ឋមន្ដ្រី ព្រុំ សុខា ដោយត្រូវធ្វើការឲ្យបានល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, សមាគមអ្នកសិល្បៈ និងសមាគមអ្នកនិពន្ធជាដើម។

លោកយល់ឃើញទៀតថា នៅពេលអាជ្ញាធរទៅអានសុន្ទរកថា ដើម្បីពន្យល់ ឬកោះហៅប្រជាពលរដ្ឋមកអប់រំណែនាំនោះប្រសិទ្ធភាពនៅមានកម្រិត ពោលអាចឆ្លៀតពេលមានកម្មវិធីសម្ដែង ឬការប្រគុំមន្ដ្រីណាមួយ ដែលមានតារាងចម្រៀងល្បីៗ ឬតារាងកំប្លែងចូលរួម អាចឆ្លៀតពេលបន្ដិចដើម្បីបញ្ជ្រៀតសារអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនទៅកាន់មហាជន ទើបមានប្រសិទ្ធភាពកាន់តែខ្ពស់។ លើសពីនេះ ក៏ត្រូវសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនានាដែលមាននៅក្នុងប្រទេសផងដែរ។

ក្រៅពីការងារផ្សព្វផ្សាយអប់រំ, ការងារអនុវត្តច្បាប់ ក៏ត្រូវបានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកជាការងារមួយសំខាន់ផងដែរ ដោយត្រូវតាមដានការអនុវត្តរបស់គ្រប់អង្គភាពទាំងអស់ ហើយត្រូវបូកសរុបនិងចងក្រងទកឲ្យបានអំពីល្បិចកលរបស់ក្រុមជនល្មើស, ល្បិចកលកែច្នៃផលិត, ល្បិចកលលួចលាក់ដឹកជញ្ជូនឆ្លងកាត់, ល្បិចកលជួញដូរដែលវិវឌ្ឍន៍ថ្មីៗ ដើម្បីផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចជំនាញ ក្នុងការតាមដាន ទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាប។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងតំបន់ និងអន្ដរជាតិ ដើម្បីស្វែងរកនូវជំនួយលើការបណ្ដុះបណ្ដាលជំនាញ ផ្លាស់ប្ដូរបទពិសោធន៍ សំដៅបង្កើននូវសមត្ថភាពរបស់មន្ដ្រីអនុវត្តច្បាប់។

សម្រាប់ការងារព្យាបាល និងស្ដារនីតិសម្បទាវិញ ត្រូវកំណត់ឲ្យច្បាស់អំពីសមត្ថភាព ទីតាំងសម្រាប់ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយក៏ផ្ដល់ឱកាសឲ្យមានការចូលរួមពីវិស័យឯកជនផងដែរ។ ក្នុងនោះក៏ត្រូវកំណត់ចំនួនអ្នកកំពុងស្ថិតក្នុងការថែទាំបន្សាប់ និងអ្នកដែលចេញពីមណ្ឌលវិញ ដើម្បីងាយស្រួលក្នុងការតាមដានបន្ដ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានណែនាំឲ្យពង្រឹងបន្ថែមទៀត លើការងារគ្រប់គ្រងសារធាតុគីមីផ្សំ ត្រូវគ្រប់គ្រងឲ្យបាននូវការនាំចូល ប្រើប្រាស់ និងចែកចាយ ប៉ុន្ដែធ្វើយ៉ាងណាឲ្យមានយន្ដការមួយច្បាស់លាស់ ជៀសវាងបង្កនូវការរំខានដល់ក្រសួងសាមី ដែលជាអ្នកអនុញ្ញាតឲ្យនាំចូលសារធាតុគីមី។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសមុខឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការជឿជាក់លើសមត្ថភាព របស់មន្ដ្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ ហើយត្រូវរួមគ្នាក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ៕