(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តបន្តស្មារតីពីសម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែងឱ្យកាន់តែល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង សរុបជិត៣ពាន់នាក់ ដែលពិធី​នេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នាឱកាសនោះ សម្ដេចធិបតីបានពន្យល់បន្ថែមនូវការអភិវឌ្ឍតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ពោលគឺដើម្បីកសាងតំបន់លំនៅដ្ឋានថ្មីជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់អង្គរ ដែលចាំបាច់ត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។ ទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតំបន់អង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងចំពោះប្រជាពលរដ្ឋទាំងឡាយដែលត្រូវការដីធ្លី លំនៅដ្ឋាន មុខរបរ ការងារ ក៏ដូចជាត្រូវការការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ គ្រាន់តែការអនុវត្តគឺមិនអាចសម្រេចក្នុងពេល១ថ្ងៃ ឬ១ខែ ឬក៏១ឆ្នាំបានឡើយ តែយ៉ាងណារាជរដ្ឋាភិបាលនៅតែខិតខំសស្រាក់សស្រាំក្នុងការជួយប្រជាពលរដ្ឋ។

សម្ដេចធិបតីបានថ្លែងថា «រវាងសម្បត្តិបេតិកភណ្ឌ និងប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលជ្រើសរើសទាំងពីរ, ការជ្រើសរើសគឺមិនលំបាកទេ តែអ្វីដែលលំបាកគឺយើងត្រូវសម្រេចយ៉ាងណា ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ដើម្បីកសាងទីតាំងថ្មីជូនប្រជាពលរដ្ឋដែលស្ម័គ្រផ្លាស់ទីពីតំបន់អង្គរ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្ដេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី បានចុះមកទីនេះ៤ដងក្នុងរយៈពេលមិនដល់១ឆ្នាំផង ហើយថ្ងៃនេះ សម្ដេចធិបតីដែលជានាយករដ្ឋមន្ត្រីបន្តវេន ក៏បានមកកាន់ទីនេះទៀត គឺដើម្បីបញ្ជាក់ការប្ដេជ្ញាចិត្តជំរុញការកសាងទីកន្លែងនេះជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «សម្ដេចតេជោបានចុះមកទីនេះ៤ដង ហើយថ្ងៃនេះខ្ញុំបានមកកាន់ទីនេះទៀត គឺដើម្បីបញ្ជាក់ការប្ដេជ្ញាចិត្តជំរុញការកសាងទីកន្លែងនេះជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ, នេះហើយជាកិច្ចការ»

សម្ដេចធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលត្រូវតែការពារព្រលឹងជាតិ គឺសំដៅទៅលើសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលដូនតាទុកឱ្យយើងជានិម្មិតរូប ទន្ទឹមនឹងនោះក៏ត្រូវទទួលខុសត្រូវចំពោះជីវិតជាតិផងដែរ នោះគឺជីវិតប្រជាជន ព្រោះប្រសិនបើប្រជាពលរដ្ឋវេទនា ជាតិយើងក៏វេទនាដូចគ្នា។

សម្ដេចធិបក៏តីបានណែនាំឱ្យក្រសួងរៀបចំដែនដី អាជ្ញាធរខេត្តសៀមរាប ស្រុកបន្ទាយស្រី ក្រសួង ស្ថាប័នផ្សេងទៀត សហការរៀបចំភូមិរុនតាឯកនេះឱ្យក្លាយទៅជាទីក្រុងរុនតាឯកតែម្ដង៕