(ព្រះវិហារ)៖ លោក គីម​ រិទ្ធី​ អភិបាលខេត្ត​ព្រះវិហារ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវដល់ប្អូនៗជាយុវជនឱ្យបន្តការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការឆ្លងជំងឺអេដស៍។

ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» និងទិវាអន្តជាតិនៃជនពិការ ៣ ធ្នូ ទិវាអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ជនមានពិការ មកពីក្រុង-ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ​ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពីបានស្តាប់សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលអានដោយលោក ពឹង ទ្រីដា អនុគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះវិហាររួចមក លោក គីម រិទ្ធី បានថ្លែងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់នូវសុខទុក្ខប្រជាពលរដ្ឋ ពិសេសយកចិត្តទុកដាក់ទៅលើផែនការឈានឆ្ពោះទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ខាងមុខ។

ក្នុងន័យនេះលោកអភិបាលខេត្តព្រះវិហារ បានថ្លែងក្នុងគោលបំណងទាញការយកចិត្តទុកដាក់របស់បងប្អូន និងក្មួយៗយុវជន ឱ្យបន្តការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ពិសេសត្រូវចូលរួមអនុវត្តតាមរយ:សារលិខិតសំខាន់ៗទាំង៦ចណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

លោក គីម រិទ្ធី ក៏បានថ្លែងកោតសរសើរដល់អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហម​ ដែលតែងតែខិតខំបំពេញតួនាទីរបស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរ​ ព្រមទាំងផ្ដាំផ្ញេីជម្រុញដល់បងប្អូនជនពិការភាព​ និងអ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់​ ថែរក្សាសុខភាពឱ្យបានល្អ ឧស្សាហ៍ហាត់ប្រាណ ហូបស្អាត ផឹកស្អាត លាងដៃជាមួយសាប៊ូជាប្រចាំ។

លោក គីម រិទ្ធី ក៏បានផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៥២គ្រួសារ និងជនមានពិការភាពចំនួន ១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន៥០,០០០រៀល។បន្ថែមពីនេះ​ សាខាក៏បានឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្ត ចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ប័ណ្ណសរសើរ១ សាប៊ូម្សៅ ១គីឡូ,​ យុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៥នាក់ ក្នុងម្នាក់ៗថវិកាចំនួន២០,០០០រៀល ប័ណ្ណសរសើរ១ សៀវភៅ២ក្បាល និងប៊ិច ១ដើមផងដែរ៕