(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែវិច្ឆិកា និងផ្សព្វផ្សាយផែនការផ្សេងៗ ជូនដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោគទាំង៤។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ធំៗចំនួន២រួមមាន៖

*ទី១៖ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
*ទី២៖ ផែនការ ការពារ និងសន្តិសុខសណ្តាប់ក្នុងសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផ្នែកពាក់ព័ន្ធរហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។
លោកបានជំរុញដល់កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមខ្នងផ្ទះ និងស្តាប់ការសំណូមពរ បញ្ហាប្រឈមនានាដែលបងប្អូនប្រជាពលរដ្ឋជួបក្នុងសហគមន៍ ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ត្រូវបន្តផ្តល់សេវាសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។ ត្រូវពង្រឹង របៀបរបបការងាររដ្ឋបាល និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។ ត្រូវបន្តអនុវត្តការងារ តួនាទី ភារកិច្ចឲ្យបានល្អ។ ត្រូវព្យាយាមពង្រឹងសមត្ថភាព ចំណេះជំនាញ ច្បាប់បច្ចេកវិទ្យាជាដើម។ ចំពោះនគរបាលការពារព្រំដែនគោកត្រូវគ្រប់គ្រងសភាពការណ៍ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្សព្វផ្សាយ និងដាក់ចេញនូវផែនការ ការពារ ដល់កម្លាំងនគរបាលទាំងអស់ត្រូវ យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ក្តាប់សភាពការណ៍ទូទៅ ទ្រោលសភាពការណ៍ផ្សេងៗ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ៕