(កែប)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញបិទសិក្ខាសាលាស្តីពី «ការរៀបចំថវិកាសមិទ្ធកម្ម និងការរៀបចំរបាយការណ៍សមិទ្ធកម្ម» នៅសណ្ឋាគារ សង្គហមិត្ត ខេត្តកែប។

លោក ទេព នីថា បានថ្លែងថា ការរៀបចំថវិកាសមិទ្ធកម្ម និងការរៀបចំរបាយការណ៍សមិទ្ធកម្ម ដ៏មានសារៈសំខាន់ និងជាផែនទីចង្អុលផ្លូវនៃការកែទម្រង់ប្រព័ន្ធថវិការបស់កម្ពុជា ឈានឆ្ពោះទៅការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ។ សិក្ខាសាលានេះក៏បានផ្តល់ជាដើមទុនផ្នែកបច្ចេកទេសក្នុងការរៀបចំថវិកាសមិទ្ធកម្ម នាឆ្នាំខាងមុខ ឱ្យកាន់តែច្បាស់លាស់ជាងមុន អំពីសូចនាករសមិទ្ធកម្ម នៅតាមកម្រិតរចនាសម្ព័ន្ធកម្មវិធី ទាំងការកំណត់សូចនាករលទ្ធផលក្នុងឆ្នាំ និងទាំងសូចនាករចុងក្រោយ ដែលស្ថាប័ន គ.ជ.ប គ្រោងនឹងសម្រេច។ ថវិកាសមិទ្ធកម្មនេះពិតជាមានសារៈសំខាន់សម្រាប់ការផ្សារភ្ជាប់រវាងគោលនយោបាយ និងថវិកា និងការឆ្លើយតបនឹងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ (២០២៣-២០២៧) «គណនេយ្យភាពសមិទ្ធកម្ម»

ទន្ទឹមនេះដែរ លោក ទេព នីថា សូមកោតសរសើរ និងថ្លែងអំណរគុណ ព្រមជាមួយការវាយតម្លៃខ្ពស់ចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប ចំពោះកិច្ចប្រឹងប្រែងក្នុងការសម្របសម្រួលរៀបចំដឹកនាំអង្គសិក្ខាសាលានេះ ដោយមានការសហការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវពីសំណាក់គ្រូឧទ្ទេស ដែលអញ្ជើញមកពីនាយកដ្ឋានថវិកានីយកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឱ្យអង្គសិក្ខាសាលាទាំងមូលទទួលបានលទ្ធផលជាផ្លែផ្កា និងគួរឱ្យមានមោទនភាពតាមការគ្រោងទុក។

លោក ទេព នីថា បានបន្តថា ឆ្លងកាត់តាមការធ្វើបទបង្ហាញរបស់អស់លោកដែលជាគ្រូឧទ្ទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមផ្សំជាមួយនឹងការខិតខំយកចិត្តទុកដាក់ពីសិក្ខាកាមទាំងមូល បានស្តែងចេញពីលទ្ធផលនៃការសិក្សារយៈពីរថ្ងៃនេះ បានញ៉ាំងឱ្យឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកទទួលខុសត្រូវក្នុងការអនុវត្ត «ថវិកាសមិទ្ធកម្ម» សម្រាប់ឆ្នាំខាងមុខ ទទួលបាននូវឧបករណ៍ជាគន្លឹះចាំបាច់ និងមានតម្លៃមួយនៅក្នុងដៃ សម្រាប់ជាប្រយោជន៍ដល់ការរៀបចំថវិកា និងការគ្រប់គ្រងថវិកា ព្រមទាំងពង្រឹងការទទួលខុសត្រូវកាន់តែច្បាស់លាស់ជាងមុន លើប្រតិបត្តិការអនុវត្តចំណាយ សំដៅឈានទៅសម្រេចលទ្ធផលការងារ ជាពិសេសគោលបំណង គោលនយោបាយរបស់ស្ថាប័ន គ.ជ.ប។

លោក ទេព នីថា គូសបញ្ជាក់ថា ថ្វីដ្បិតពេលវេលាពីរថ្ងៃខ្លីមែន   តែខ្លឹមសារពន្យល់ណែនាំជាគោលការណ៍គន្លឹះស្តីពីការរៀបចំថវិកាសមិទ្ធកម្ម ពីសំណាក់គ្រូឧទ្ទេស មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ពិតជាមានន័យស៊ីជម្រៅ ដែលធ្វើឱ្យខ្ញុំធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃជារួមថា នេះពិតជាមានលទ្ធផលដ៏គួរជាទីមោទនៈ។

លោក ទេព នីថា បានបន្ថែមថា ក្នុងការអនុវត្តកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពីដំណាក់កាលទី១ រហូតមកដល់ដំណាក់កាលទី៤នេះ តែងតែជួបប្រទះនឹងឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនជៀសមិនរួច។ ប៉ុន្តែយ៉ាងណាក៏ដោយយើងក៏ធ្លាប់មានបទពិសោធន៍ ឆ្លងកាត់ដោយជោគជ័យរួចហើយ ហើយថ្ងៃនេះឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាមន្ត្រីបច្ចេកទេស ក៏ទទួលបានការយល់ដឹងបន្ថែមទៀតនូវ «វិធីសាស្ត្របច្ចេកទេសគន្លឹះ» សម្រាប់យកទៅអនុវត្តកែលម្អនូវចំណុចខ្វះខាត និងធ្វើការដោះស្រាយកិច្ចការប្រឈមនានា ដែលកើតមានក្នុងពេលអនុវត្ត ឱ្យបានទាន់ពេលវេលា និងប្រកបដោយស្មារតីភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់។

ក្នុងន័យនេះ លោក ទេព នីថា បានណែនាំដល់មន្ត្រីជំនាញ ដែលទើបបានទទួលនូវចំណេះដឹង តាមរយៈសេចក្តីពន្យល់ណែនាំ និងការធ្វើបទបង្ហាញពីគ្រូឧទ្ទេស  ក្នុងរយៈពេលពីរថ្ងៃនេះ សូមយកស្មារតីក្នុងភាពជាម្ចាស់ ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការថវិកាសមិទ្ធកម្ម និងការរៀបចំរបាយការណ៍សមិទ្ធកម្ម ឱ្យទទួលបាននូវលទ្ធផលចុងក្រោយប្រកបដោយ សក្រឹត្យភាព និងគណនេយ្យភាពតាមការរំពឹងទុក ពីព្រោះថវិកាសមិទ្ធកម្មនេះតម្រូវឱ្យមានការវាស់វែង ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃកម្មវិធី តាមរយៈសូចនាករសមិទ្ធកម្ម ដោយផ្សារភ្ជាប់រវាងលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយឱ្យបានច្បាស់លាស់៕