(សៀមរាប)៖ ក្រុមការងារអន្ដរក្រសួងអភិវឌ្ឍន៍ រួមអមដំណើរដោយលោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ និងមន្ដ្រីបច្ចេកទេសផ្លូវជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យ និងវាយតំលៃ ការងារថែទាំផ្លូវជាប្រចាំ ដំណាក់កាលចុងក្រោយចំនួន៦ខ្សែ នៅខេត្តសៀមរាប។

លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាប បានឲ្យដឹងថា ផ្លូវទាំង៦ខ្សែនេះ មានប្រវែងសរុប ៨៥ ០០០ម៉ែត្រ ទទឹងផ្លូវទំហំ៦ម៉ែត្រ និងផ្លូវខ្លះទៀតទំហំ៥ម៉ែត្រ ជាផ្លូវក្រាលល្បាយក្រួសក្រហមដំណាក់កាល ចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ដែលជាប្រភពថវិការរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ស្ថិតនៅស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកស្វាយលើ និងស្រុកស្រីស្នំ ខេត្តសៀមរាប។

លោក ទូច ម៉ាឡា បានបន្ដថា ក្រោយការចុះពិនិត្យ និងវាយតម្លៃ ជាលទ្ធផល គណៈកម្មការអន្តរក្រសួង បានព្រមទទួលយក១០០% ព្រោះគណៈកម្មការ បានមើលឃើញថា ផ្លូវទាំង៦ខ្សែនេះ បានថែទាំជាប្រចាំ ត្រឹមត្រូវទាំងប្រវែងផ្លូវ ទំហំផ្លូវ និងបរិមាណ ព្រមទាំងគុណភាពផ្លូវបានល្អមួយរយភាគរយ សម្រាប់បំរើឱ្យប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបន្តថា ផ្លូវទាំង៦ខ្សែ នៅស្រុកទាំង៤នេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការដឹកជញ្ជូនទំនិញ ដំណាំកសិកម្មគ្រប់ប្រភេទ ខណៈដែលតំបន់នោះសំបូរដោយស្រែចំការ និងការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀនផងដែរ។

លោកក៏បានអំពាវនាដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវឲ្យបានល្អ ព្រមទាំងហាមនូវដឹកជញ្ជូនទំនិញធន់ធ្ងន់លើសចំនួនកំណត់ ដែលធ្វើឲ្យផ្លូវងាយរងគ្រោះផងដែរ។

លោក ទូច ម៉ាឡា បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងបន្ដសាងសង់ផ្លូវជាច្រើនខ្សែទៀតនៅឆ្នាំ២០២៤ និងឆ្នាំបន្ដបន្ទាប់ទៀត សម្រាប់អាណត្ដិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីផង​ដែរ។

បើតាមប្រជាពលរដ្ឋ បានសម្ដែងការសាទរ និងសប្បាយរីករាយ ក្រោយពេលដែលផ្លូវគ្រួសក្រហម មានការថែទាំងជាប្រចាំ ហើយនេះជាសរសៃឈាមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។ ហើយពួកគាត់ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានថែទាំងផ្លូវសម្រាប់ឲ្យពួកគាត់ងាយស្រួលធ្វើដំណើរ នេះបង្ហាញថា រាជរដ្ឋាភិបាល មានការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង៕