(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តបាត់ដំបង (២០២៤-២០២៦) នៅសាលាខេត្តបាត់ដំបង។

លោក សុខ លូ បានណែនាំដល់ក្រុមការងារកសាងផែនការ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកជុំវិញខេត្តបាត់ដំបងទាំងអស់ ត្រូវត្រួតពិនិត្យគ្រប់ផែនការនៃគម្រោងការអភិវឌ្ឍនានា ដែលជាធាតុចូលដើម្បីដាក់បញ្ចូលទៅក្នុងផែនការនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៤-២០២៦។

លោកបានបញ្ជាក់ថា ការកសាងផែនការវិនិយោគ៣ឆ្នាំរំកិលនេះ ក៏មិនត្រូវមើលរំលងអំពីសំណូមពរ និងតម្រូវការជាក់ស្តែងដែលប្រជាពលរដ្ឋបានស្នើសុំនៅក្នុងអង្គវេទិកាសាធារណៈ ដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ឆ្នាំ២០២៣ នៅទូទាំងខេត្តបាត់ដំបង មានរយៈពេល២ថ្ងៃនាពេលកន្លងមកថ្មីៗនេះ ដោយសារតែប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរ ដែលជាតម្រូវការចាំបាច់ជាក់ស្តែងក្នុងមូលដ្ឋានសម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋចង់បាន ដូចជា ផ្លូវថ្នល់ ប្រឡាយបង្ហូរទឹក បណ្តាញអគ្គិសនី បញ្ហាទឹកស្អាត ទីផ្សារកសិកម្ម រួមជាមួយនឹងតម្រូវការសំខាន់ផ្សេងៗទៀត ធ្វើជាធាតុចូលនៅក្នុងការធ្វើផែនការវិនិយោគ៣ឆ្នាំរំកិលនេះ។

លោកបានចាត់ទុកថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត គឺជាឯកសារផែនការមួយដ៏មានសារសំខាន់បំផុតដែលបានប្រមូលផ្តុំគំនិត និងធនធានទាំងឡាយ ដើម្បីរៀបចំជាគម្រោងវិនិយោគសាធារណៈជាក់ស្ដែងសម្រាប់អនុវត្ត និងការគៀងគរប្រភពទុនដទៃទៀត ជំរុញដល់ការអភិវឌ្ឍខេត្តឱ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា សំដៅឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងសំដៅជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ គោលដៅនិងគោលបំណងនៃផែនការអភិវឌ្ឍន៍ខេត្តបាត់ដំបង រយៈពេល៥ឆ្នាំផងដែរ ហើយការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តក្នុងរយៈពេល៥ឆ្នាំ អាចសម្រេចបានជោគជ័យ គឺអាស្រ័យលើការរៀបចំកសាងនិងចាត់ចែងអនុវត្តនូវកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ប្រកបដោយភាពសុក្រឹត្យ ដោយផ្អែកលើធនធាន ឱកាស និងពេលវេលាដែលយើងមានជាក់ស្តែង។

លោក សុខ លូ បានជំរុញដល់ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមកែលម្អទៅតាមជំនាញ និងបទពិសោធន៍ឱ្យស្របតាមចក្ខុវិស័យ គោលបំណង និងគោលដៅនៃផែនការអភិវឌ្ឍន៍ខេត្តបាត់ដំបង ឆ្នាំ២០២៤-២០២៦ ទទួលបានជោគជ័យ៕