(កំពង់ធំ)៖ លោក សាន វិសាល រដ្ឋលេខាធិការក្រសូងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ១០០ភាគរយ ដំណាក់កាលចុងក្រោយលើការងារថែទាំផ្លូវជាប្រចាំ ដោយក្រាលល្បាយក្រួសចំនួន១៤ខ្សែ ប្រវែងសរុប ១២០,២៥០ម៉ែត្រ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចហើយ លោក សាន វិសាល បានថ្លែងថា ជាលទ្ធផលគណៈកម្មការអន្តរក្រសួងព្រមទទួលយក១០០ភាគរយដំណាក់កាលចុងក្រោយ ហើយមន្ទីរត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់នេះ ជាប្រចាំឲ្យបានល្អ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្នុងការដឹកជញ្ជូន ការមកទទួលសេវានានា និងការធ្វើដំណើររបស់សិស្សានុសិស្សមកកាន់សាលារៀនប្រកប ដោយសុវត្ថិភាពពិសេសដើម្បីជួយ សម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានលើកឡើងពីការកសាងផ្លូវនៅស្រុកបារាយណ៍មាន ៣ខ្សែ ប្រវែង២២,៧០០ម៉ែត្រ ស្ថិតក្នុងឃុំឈូកខ្សាច់ ឃុំចុងដូង ឃុំបល្ល័ង្គ និងឃុំបាក់ស្នា។ សម្រាប់ស្រុកសន្ទុក មាន០៦ខ្សែ ប្រវែង៤៥,៥០០ម៉ែត្រ ស្ថិតក្នុងឃុំតាំងក្រសាំង ឃុំទីពោ ឃុំក្រយា ឃុំត្បូងក្រពើ និងឃុំកកោះ។ស្រុកកំពង់ស្វាយមាន០២ខ្សែ ១៣,៦៥០ម៉ែត្រ ស្ថិតក្នុងឃុំក្តីដូង ឃុំត្រពាំងឬស្សី និងឃុំជ័យ ស្រុកប្រាសាទសំបូរ មាន០៣ខ្សែ ប្រវែង៣៨,៤០០ម៉ែត្រ ស្ថិតក្នុងឃុំតាំងក្រសៅ ឃុំស្រើង និងឃុំគោល។

លោកបន្តថា «ផ្លូវជនបទទាំងអស់នេះរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ដែលបង្កការលំបាកច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ក៏ដូចជារបស់របរផ្សេងៗទៀត»