(ភ្នំពេញ)៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម នៅទីស្ដីការក្រសួងមហាផ្ទៃដើម្បីលើកស្ទួយគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ។

កិច្ចប្រជុំនេះមានការចូលរួមពី លោក ចាន់ សុធា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក ឈុន ប៊ុនណារ៉ា ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី លោក ឆឹម សំអ៊ែល អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន ព្រមទាំងតំណាងក្រសួងស្ថាប័ន ក្រុមការងារ និងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។

នាឱកាសនេះដែរ លោក ចាន់ សុធា អនុប្រធានលេខាធិការដ្ឋាន បានថ្លែងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានគោលបំណង ក្នុងការលើកកម្ពស់ អភិវឌ្ឍន៍សេវាសាធារណៈ ទៅឱ្យប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពគុណភាពតម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការសំណើសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ហើយកំណែទម្រង់នេះ ក៏មានគោលបំណងគិតគូបែងចែកផលប្រយោជន៍អភិវឌ្ឍន៍មូលដ្ឋាន ប្រកបដោយបរិយាបណ្ណ និងសមធម៌សង្គម ការលើកកម្ពស់ប្រសិទ្ធភាព និងការផ្ដល់សេវាមូលដ្ឋាននេះ គឺយើងធ្វើតាមរយៈលើកកម្ពស់លទ្ធិប្រជាធិបតេយ្យមូលដ្ឋានចំពោះ ការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋ ដើម្បីយើងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមសំណាលសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសគឺរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រឲ្យបានប្រសើរ។

លោក ចាន់ សុធា បានបន្ដថា ទម្រង់នេះដែលមានផលប៉ះពាល់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូច្នេះហើយបានជារាជរដ្ឋាភិបាលចាត់ទុកថា វិមជ្ឈការ និងវិសហមជ្ឈការ ដែលហៅថា «កំណែទម្រង់អភិវឌ្ឍន៍តាមបែប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ» ជាកំណែទម្រង់ដ៏មានសារៈសំខាន់ និងចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវប្រកាន់យកឲ្យត្រូវបន្តអភិវឌ្ឍរយៈពេលយូរអង្វែង។

បន្ថែមពីនេះ លោក ចាន់ សុធា បានបន្ដទៀត សមិទ្ធផលធំៗមួយចំនួនដែលសម្រេចរួមមាន៖
*១៖ ពាក់ព័ន្ធទៅនឹងការរៀបចំក្របខ័ណ្ឌច្បាប់គោលនយោបាយលិខិតបទដ្ឋានគតិយុត្ត កំណត់ច្បាស់ក្នុងនីតិវិធីសម្រាប់អនុវត្ត។
*២៖ ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
*៣៖ ការផ្ទេរមុខងារនិងការទទួលខុសត្រូវរដ្ឋបាលថ្នាក់ក្រោមជាតិ
*៤៖ ការរៀបចំការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិបុគ្គលិកជាមន្ត្រីរាជការបម្រើការងារនៅថ្នាក់ក្រោមជាតិ
*៥៖ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។

ការងារគណនេយ្យភាពសង្គម គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាង អាជ្ញាធរមូលដ្ឋាន និងក្រុមប្រជាពលរដ្ឋនានានៅក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។

សូមបញ្ជាក់ដែរថា សម្រាប់ទិសដៅបន្ដ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម គឺពង្រឹង និងពង្រីកតំបន់គោលដៅ នៃការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យបានទូទាំងប្រទេស, ពង្រីកការអនុវត្តការងារគណនេយ្យភាពសង្គមទៅលើវិស័យសេវាផ្សេងៗទៀតស្រប តាមការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការអនុវត្តសកម្មភាព និងការផ្សព្វផ្សាយព័ត៌មានគណនេយ្យភាពសង្គមតាមបែប ឌីជីថល
និងពង្រឹងនិរន្តរភាពគណនេយ្យភាពសង្គម តាមរយៈការដាក់បញ្ចូលសកម្មភាពគណនេយ្យ ភាពសង្គមទៅក្នុងប្រព័ន្ធរបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕