(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំទៅកាន់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដោះស្រាយបញ្ចប់ការតវ៉ាមួយចំនួន នៅវិទ្យាល័យព្រះបាទសុរាម្រឹត ក្រោយមានការតវ៉ារឿងមិនឲ្យផ្លាស់ប្ដូរ គ្រូគណិតវិទ្យា ឈ្មោះ ឡុង ស៉ីដាវុធ និងនាយកវិទ្យាល័យ លោក អឿ ម៉េងចុង នោះទេ។

តាមរយៈលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ថា ក្នុងគោលដៅអភិវឌ្ឍវិទ្យាល័យ ព្រះបាទសុរាម្រឹត និងផ្អែកលើស្នាដៃរបស់លោកនាយក និងគ្រូបង្រៀន ក្នុងការចូលរួមអភិវឌ្ឍវិទ្យាល័យព្រះបាទ សុរាម្រឹត នាពេលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ពិនិត្យករណី និងចាត់ចែងកិច្ចការមួយចំនួន ដូចខាងក្រោម៖

*ទី១៖ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំនីតិវិធីឲ្យ លោក អឿ ម៉េងចុង អាចបន្តគ្រប់គ្រង និងដឹកនាំការអភិវឌ្ឍវិទ្យាល័យព្រះបាទសុរាម្រឹត ស្របតាមគោលនយោបាយរបស់ក្រសួង ដោយរៀបចំជាកិច្ចព្រមព្រៀងសមិទ្ធកម្មប្រចាំឆ្នាំ ដើម្បីអភិវឌ្ឍវិទ្យាល័យព្រះបាទសុរាម្រឹតជាសាលារៀន គំរូនៅពេលខាងមុខ។

*ទី២៖ ចាត់ចែងផ្លាស់ទីកន្លែងបម្រើការងារ លោក ឡុង ស៊ីដាវុធ ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ទៅវិទ្យាល័យព្រះបាទសុរាម្រឹត ដើម្បីជួយបង្ហាត់បង្រៀនសិស្ស និងបង្កើនលទ្ធផលសិក្សារបស់សិស្ស ដោយរៀបចំជាកិច្ចព្រមព្រៀងការបំពេញការងារ ជាពិសេសការរក្សាសាមគ្គីភាពផ្ទៃក្នុង។

*ទី៣៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ត្រូវសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា នៅសេសសល់ និងធ្វើការអភិវឌ្ឍវិទ្យាល័យព្រះបាទសុរាម្រឹត ជាបន្តទៀត។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានសម្រេចផ្លាស់ប្ដូរតួរនាទីលោកគ្រូ ឡុង ស៊ីដាវុធ គ្រូឯកទេសគណិតវិទ្យា និងជាប្រធានគណៈកម្មការ អភិវឌ្ឍន៍វិទ្យាល័យព្រះបាទសុរាម្រឹតនៅក្នុងក្រុងកំពង់ឆ្នាំង ទៅបំពេញភារកិច្ចថ្មីនៅមន្ទីរអប់រំខេត្ត។

ការផ្លាស់ប្តូរនេះបាននាំឲ្យផ្ទុះការតវ៉ាធ្វើឲ្យលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស គណៈគ្រប់គ្រង និងគាំទ្រសាលា ធ្វើញត្តិគាំទ្រលោកគ្រូ ឡុង ស៊ីដាវុធ ចំនួន៤ច្បាប់ មានស្នាមមេដៃចំនួន២៨៨នាក់ និងមានដាក់ទាំងលេខទូរស័ព្ទផងនោះ បានបដិសេធលិខិតបង្គាប់ការខាងលើនេះ ដោយសុំឲ្យលោកគ្រូ ឡុង ស៊ីដាវុធ នៅធ្វើការងារដដែលនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត៕