(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិក-សមាជិការជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងជំនួបពិភាក្សាធុរកិច្ច វិស័យភស្តុភារ និងដឹកជញ្ជូនកម្ពុជា ដើម្បីឲ្យអ្នករកស៊ីលើកពីបញ្ហាប្រឈមផ្សេងៗនៅក្នុងវិស័យនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នាសណ្ឋាគារកាំបូឌីយ៉ាណា។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារណាហ្គាវើលដ៍ រាជធានីភ្នំពេញ ឧកញ៉ា ស៊ីន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដែលជាប្រធានអង្គប្រជុំតំណាងឲ្យប្រទេសកម្ពុជា បានចូលរួមប្រជុំគ្នាជាមួយប្រទេសអាស៊ានទាំង១០ ដើម្បីពិភាក្សានិងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលទាក់ទិនទៅនឹងការដឹកជញ្ជូន និងនីតិវិធីបំពេញបែបបទឲ្យកាន់តែមានភាពងាយស្រួលជាងនេះទៅទៀតនៅក្នុងអាស៊ានរបស់យើង។

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា កិច្ចពិភាក្សានៅពេលនោះ គឺប្រទេសអាស៊ានមួយចំនួនក៏បានធ្វើបទបង្ហាញទាក់ទិនពីបញ្ហានៅក្នុងប្រទេសរបស់គេរៀងៗខ្លួន រីឯយើងក៏បានធ្វើបទបង្ហាញរបស់យើងផងដែរអំពីរបៀបនាំចូលនិងនាំចេញ។ ដោយឡែក អ្វីដែលយើងចង់បាននោះ គឺធ្វើយ៉ាងម៉េចឲ្យមានភាពងាយស្រួលជាងនេះបន្តទៀត ខណៈដែលអ្នកឧកញ៉ាប្រធានបានស្នើឲ្យសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានរកស៊ីនៅក្នុងវិស័យដឹកជញ្ជូនជួបការលំបាកត្រូវលើកពីបញ្ហាប្រឈម និងលើកជាសំណើ ក៏ដូចជា សំណូមពរផ្សេងៗ ដើម្បីអ្នកឧកញ៉ាប្រធានយកសំណើរទាំងនោះទៅដោះស្រាយបន្តទៀត ជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមអ្នកឧកញ៉ាជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមការងារទាំង១៤ ផ្នែកវិស័យឯកជន។

បើតាមលោក ឈុន វឌ្ឍនភក្តី អគ្គនាយករងធនាគារវីង បានលើកឡើងថា ការជួយសម្រួលទូទាត់ពន្ធគយ តាមរយៈធនាគារ វីង ដោយមិនយកថ្លៃសេវាបន្ថែម នឹងផ្តល់លទ្ធភាពទៅដល់ធុរជន និងរូបវន្តបុគ្គល ក្នុងការបង្កើនប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ដោយសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានកិច្ចសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់នូវអត្ថប្រយោជន៍នៃដំណើរការទូទាត់ពន្ធគយ និងកម្រៃសេវានាំចូល-នាំចេញផ្សេងៗ តាមរយៈធនាគារ វីង ដោយមិនចំណាយថ្លៃសេវាបន្ថែមនោះឡើយ។

លោក ឈុន វឌ្ឍនភក្តី បានបន្តថា ឥឡូវនេះ អតិថិជនធនាគារ វីង មានជម្រើសជាច្រើនដើម្បីទូទាត់ពន្ធគយ ដូចជា កម្មវិធី Wing Bank App និងសេវាធនាគារតាមអ៊ីនធឺណិតរបស់ធនាគារវីង ដែលមធ្យោបាយទាំងនេះ ជួយកាត់បន្ថយពេលវេលាដ៏មានតម្លៃ ដោយមិនចាំបាច់ចំណាយពេលទៅធ្វើការទូទាត់ដោយផ្ទាល់នៅស្ថាប័នក្រសួងឡើយ។ ម្យ៉ាងវិញទៀត អតិថិជនធនាគារវីង អាចប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអនឡាញ បានយ៉ាងងាយស្រួល គឺអតិថិជនគ្រាន់តែចូលទៅកាន់មុខងារទូទាត់តាមអេឡិចត្រូនិក ហើយបន្ទាប់មកអាចចាប់ផ្តើមដំណើរការ រួចពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារវីង សម្រាប់ការទូទាត់ជាការស្រេច៕