(ភ្នំពេញ)៖ លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានបង្ហាញតាមរយៈដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន ស្របពេលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន នឹងផ្ដល់ឱកាសដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំនៃការជឿទុកចិត្ត និងមិត្តភាពដែលយើងបានកសាងក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។

ការបញ្ជាក់បែបនេះរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានថ្លែងសន្ទរកថាពិធីជប់លៀងបិទខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា។

ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានបង្ហាញការជឿជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីចុងសប្តាហ៍ក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសជប៉ុនក្នុងនាមជានាយករដ្ឋមន្ត្រី ស្របពេលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនលើកនេះ នឹងផ្ដល់ឱកាសដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំនៃការជឿទុកចិត្ត និងមិត្តភាពដែលយើងបានកសាងក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត»។

លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើទឹកដីជប៉ុន លើកទី១នេះ វាក៏នឹងជាឱកាសដ៏សំខាន់មួយក្នុងការកំណត់ទិស ដៅដែលទំនាក់ទំនងជប៉ុន-កម្ពុជាគួរប្រកាន់យក ទាក់ទងនឹងការអភិវឌ្ឍបន្ថែមទៀត ក្នុងឱកាស ខួបលើកទី៧០នេះ។

ឯកអគ្គរាជទូតជប៉ុនរូបនេះ បានបញ្ជាក់ថា ប្រទេសជប៉ុនសង្ឃឹមថានឹងធ្វើការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាដៃគូដែលមានការជឿជាក់យ៉ាងមុតមាំ ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការជរុញការអភិវឌ្ឍគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសហគមន៍អន្តរជាតិ។

ថ្លែងនៅចំពោះមុខមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប, លោក អ៊ូអិណូ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមិនអាចសម្រេចបានតាមរយៈអន្តរកម្មរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរតែប៉ុណ្ណោះទេ។ ទំនាក់ទំនងក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងប្រជាជនយ៉ាងទូលំទូលាយផងដែរ។

«ដូច្នេះយើងខ្ញុំចង់ទាញយកប្រយោជន៍ពីសន្ទុះដែលបង្កើតតាមរយៈខួបលើកទី៧០ ដើម្បីពង្រឹងការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មាននៅកម្រិតផ្សេងៗ និងក្នុងវិស័យនានារវាងប្រទេសទាំងពីរ។ យើងខ្ញុំនឹងជំរុញកិច្ចខិតខំប្រឹង ប្រែងដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្ម ការអប់រំ និងទេសចរណ៍ផងដែរ»។ នេះជាបញ្ជាក់បន្ថែមរបស់លោក អ៊ូអិណូ អាត់ស៊ូស៊ី។

លោក អ៊ូអិណូ អាត់ស៊ូស៊ី បានបន្ថែមថា ភ្លាមៗបន្ទាប់ទទួលតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ហើយជប៉ុន មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា៖ ឌីជីថលភាវូបនីយកម្ម និងការពង្រឹងការតភ្ជាប់ ដែលមិនត្រឹមតែជះឥទ្ធិពលដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរីកដាលដល់តំបន់ និងសហគមន៍អន្តរជាតិទាំងមូលផងដែរ៕