(ភ្នំពេញ)៖ កម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូងនៅឆ្នាំ១៩៥៣ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។

ជាក់ស្តែងនៅថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីជប់លៀងបិទខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូ​បទៀត នៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាសហប្រធានគណៈកម្មាធិការប្រតិបត្តិសម្រាប់ខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន ត្រូវបានឈានទៅមុខមួយកម្រិតទៀតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់តាំងពីឆ្នាំនេះ ហើយភាពជាដៃគូថ្មីនេះត្រូវបានចាប់ផ្តើមជាមួយនឹងការផ្លាស់ប្ដូរសារអបអរសាទររវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងរដ្ឋមន្ត្រី ការបរទេសទាំងពីរ កាលពីថ្ងៃទី៩ ខែមករា ដែលជាកាលបរិច្ឆេទនៃការបង្កើតទំនាក់ទំនងការទូត។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបន្តថា ខួបលើកទី៧០ នៃទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានបន្តដោយយព្រឹត្តិការណ៍ជាច្រើនដែលគួរឱ្យកត់សម្គាល់បំផុតចូលរួមមាន មហោស្រពគីហ្សូណាក្នុងខែកុម្ភៈ ដែលឯកអគ្គរាជទូតសុច្ឆន្ទៈនៃប្រទេសទាំងពីរបានចូលរួមការប្រគំតន្ត្រីអូខេស្ត្រាខួប៧០ឆ្នាំ នៃនៅមុខប្រាសាទមិត្តភាព ជប៉ុនកម្ពុជា ដោយវង់តន្រ្តីររូខេស្ត្រាជប៉ុនក្នុងខែកញ្ញា និងទើបតែចុងសប្តាហ៍មុន មានទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីបាយ័ន។

ខួបលើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ត្រូវបានប្រារព្ធឡើងដោយមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗជាច្រើនជាង៧០ នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានប្រារព្ធឡើងពេញមួយឆ្នាំ ហើយមនុស្សជាច្រើនបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំងនេះ។ តាមរយៈព្រឹត្តិការណ៍បែបនេះកម្ពុជា និងជប៉ុន អាចជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក ហើយជាលទ្ធផលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ច្បាស់ណាស់នឹងមិនបញ្ចប់ដោយការបញ្ចប់ដោយជោគជ័យនៃពិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនោះទេ។ កម្ពុជា និងជប៉ុន ត្រូវកសាងសមិទ្ធផលក្នុងឆ្នាំនេះ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខ និងលើសពីនេះទៀត។

«គាប់ជួនឆ្នាំនេះក៏បានឃើញព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែរ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីជាលើកដំបូងក្នុងរយៈពេល៣៨ឆ្នាំ។ ជាការពិតសហគមន៍អន្តរជាតិឥឡូវនេះកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៅចំពោះមុខ ហើយវាមានសារៈសំខាន់ណាស់នៅពេលនេះ សម្រាប់យើងទាំងអស់គ្នាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សាសណ្ដាប់ធ្នាប់ អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ។ លើសពីនេះ បញ្ហាប្រឈមទាំងប្រទេសជប៉ុន និងកម្ពុជា កាន់តែមានភាពចម្រុះ និងស្មុគ្រស្មាញដោយសារកត្តាផ្សេងៗ ដូចជាការអភិវឌ្ឍនៃសង្គមឌីជីថល និងតម្រូវការសម្រាប់យើងក្នុងការឆ្លើយតបទៅនឹងបញ្ហាពិភពលោក ដូចជាការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងពីជំងឺឆ្លងជាដើម»

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា ទោះជាយ៉ាងណាលោក អ៊ូអិណុ អាត់ស៊ូស៊ី បានបង្ហាញការជឿជាក់ថា បញ្ហាទាំងនោះ គឺកំពុងស្ថិតនៅក្នុងការដោះស្រាយដោយឈរលើគោលការណ៍ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាការសាកល្បង។ «ខ្ញុំជឿជាក់ថា ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មានន័យថា ជប៉ុន និងកម្ពុជា ធ្វើការជាដៃគូដើម្បីដោះស្រាយ មិនត្រឹមតែបញ្ហាទ្វេភាគីប៉ុណ្ណោះទេ តែថែមទាំងបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិផងដែរ»។ បណ្តុះបណ្តាលរួមគ្នារវាងជប៉ុន-កម្ពុជា លើបុគ្គលិកដោះមីនអ៊ុយក្រែន គឺជាឧទាហរណ៍ដ៏ល្អមួយសម្រាប់រឿងនេះ។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកឡើងថា ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន (ឆ្នាំ១៩៥៣ ដល់ឆ្នាំ២០២៣)។ ឆ្នាំ២០២៣នេះ គឺជាពិតជាពិសេសសម្រាប់ប្រទេសទាំង២។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «យើងមិនត្រឹមតែប្រារព្ធខួបលើកទី៧០ ប៉ុណ្ណោះទេ តែយើងក៏បានលើកកម្ពស់ទំនាក់ទំនងរបស់ពួកយើងពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់គ្រងជ្រុងជ្រោយផងដែរ។ ប្រទេសយើងទាំង២ បានធ្វើសហប្រតិបត្តិការនឹងគ្នាយ៉ាងស្និទ្ធស្នាល ដើម្បីរៀបចំគម្រោងជាច្រើនក្នុងប្រទេសកម្ពុជា និងជប៉ុន ពេញមួយឆ្នាំដូចជាការប្រារព្ធខួបនេះជាដើម»

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខប្រទេសទាំងពីរ បានរីកចម្រើនធំធាត់ដោយសារតែកិច្ចខិតខំប្រឹងប្រែងមិនខ្លាចការនឿយហត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អំឡុងកាន់តំណែងជាមេបញ្ជាការរង និងមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសមភាគីជប៉ុន របស់សម្ដេច។ «យើងបានធ្វើជាសក្ខីភាពលើការផ្លាស់ប្ដូរ កម្មវិធីទៅវិញទៅមករវាងក្រសួងការពារជាតិនៃប្រទេសទាំង២ ក្នុងនោះរួមមានដំណើរទស្សនកិច្ចរបស់នាវានៃកងទ័ពជើងទឹកស្វ័យការពារជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីខែមីនា និងខែមេសាក្នុងឆ្នាំនេះ។ យើងក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អផងដែរ ក្នុងបេសកកម្មរក្សាសន្តិភាព និងដោះគ្រាប់មីន»៕