(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញbជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ពិធីបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល ដោយក្នុងនោះ លោករដ្ឋមន្ត្រី បានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ល្អៗ ប្រកបដោយខ្លឹមសារអត្ថន័យ ដើម្បីបានជាគន្លឹះក្នុងការអនុវត្តការងារបន្ត ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យកំណែទម្រង់ និងយន្តការតម្រង់ទិសរបស់ក្រសួង ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគន្លឹះអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនាពេលកន្លងទៅ៕