(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ក្រោយទ្រង់សព្វព្រះរាជហទ័យ ព្រះរាជទាននូវគ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៍ និងជាព្រឹទ្ធមហា ឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាកិច្ចបច្ឆាមរណៈ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ណុប រតនា បានរៀបរាប់យ៉ាងដូច្នេះថា៖

ទូលព្រះបង្គំជាខ្ញុំ និងភរិយា តាងនាមក្រុមគ្រួសារនៃសពអ្នកម្ដាយ ព្រឹទ្ធមហាឧបាសិកា មុន សៀម ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣៖៣៣នាទីទៀបភ្លឺ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះករុណាទិគុណថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជ ហទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៍ និងជាព្រឹទ្ធមហា ឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាកិច្ចបច្ឆាមរណៈ។

ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុកាពរជ័យ សិរីមង្គល វិបុលសុខ មហា ប្រសើរ គ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត សូមព្រះអង្គមានព្រះរាជសុខុមាលភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះរាជជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាមហាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្ររបស់ ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ។ សេចក្តីគួរពុំគួរសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស៕