(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធី «កសិកម្ម វាលបៃតង» សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។

កម្មវិធី «កសិកម្ម វាលបៃតង» នេះ រៀបចំឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួម ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងកម្មវិធីនេះ ក៏មានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍ ហើយក៏មានការភ្លក្សម្ហូបអាហារផលិត ពីផលិតផលខ្មែរ ដែលមានគុណភាពថែមទៀតផង។

លោក ឌិត ទីណា បានឲ្យដឹងថា កម្មវិធីនេះ ជាឱកាសដែលក្រសួងកសិកម្ម ចង់បង្ហាញ និងដាក់បង្គុំគ្នា រវាងអ្នកផលិតកសិផល និងកែច្នៃកសិផល ជាមួយនឹងអ្នកជំនួញផ្សេងៗ ដែលជួយជំរុញ និងពង្រីកទីផ្សារ និងបង្ហាញដល់មិត្ដជាដៃគូ ក្នុងការអភិវឌ្ឍន៍ ឲ្យឃើញនូវអ្វី ដែលបានរៀបចំជាទម្រង់ជាមួយគ្នា នាពេលកន្លងមក។

បន្ថែមពីនោះទៀត លោក ឌិត ទីណា បានលើកឡើងថា ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណងបង្ហាញរវាងអ្នកផលិតកសិផលកែច្នៃ ជាមួយអ្នកជំនួញផ្សេងៗ ដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយថែមទៀត ហើយកម្មវិធីនេះ អាចនឹងធ្វើជារៀងរាល់ឆ្នាំ។

លោក ឌិត ទីណា បានគូសបញ្ជាក់ថា ការតាំងបង្ហាញនេះដែរ គឺជាការបង្ហាញនូវទំនិញនានា ដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ ងាយទំនាក់ទំនងគ្នា សម្រាប់ពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក៏ដូចជាក្រៅប្រទេស។

សូមបញ្ជាក់ផងដែរថា កម្មវិធី «កសិកម្ម វាលបៃតង» នេះ ក៏មានការរៀបចំបង្ហាញ ដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុក ដែលជាផ្នែកមួយ នៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវ ក្រោយប្រមូលផលផងដែរ៕