(ភ្នំពេញ)៖ ស្ថាប័នចំនួន៩០ នាចុងសប្ដាហ៍នេះ បានរួមគ្នាធ្វើសន្និសីទប្រចាំឆ្នាំ២០២៣ ស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា (CAMESCO23) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធសហគ្រិនភាព និង ការវិនិយោគកម្ពុជា។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ បានថ្លែងថា ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើម ហើយតួអង្គនីមួយៗក៏មានសន្ទុះក្នុងការស្វែងរកកិច្ច សហប្រតិបត្តិការរួមគ្នាផងដែរ ប៉ុន្តែសកម្មភាពមួយចំនួននៅតែមិនទាន់មានភាពប្រទាក់ក្រឡាពេញលេញ។ ប្រព័ន្ធអេកូឡូស៊ីគឺជាបណ្តាញទំនាក់ទំនងដែលមានភាពស្មុគ្រស្មាញរវាងតួអង្គឯករាជ្យជាច្រើន ដែលត្រូវធ្វើការដើម្បី បំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីធានាថាដំណើរការសហគ្រិនភាពមានទំនាក់ទំនងល្អ និងទទួលបានការគាំទ្រពេញលេញ។
លោកថា ដើម្បីពន្លឿនការរីកចម្រើននេះ ប្រព័ន្ធអេកូឡូស៊ីត្រូវការមានកំនើននៃការចាប់ ផ្តើមអាជីវកម្មថ្មីៗ សហគ្រិនដែលមានមហិច្ឆតា ក្រុមហ៊ុនដែលមានសក្តានុពលខ្ពស់ច្រើន រួមបញ្ចូលទាំង មុខងារគាំទ្រសំខាន់ផ្សេងៗមាន ដូចជា ភ្នាក់ងារវិស័យសាធារណៈ វិនិយោគិន ស្ថាប័នគាំទ្រសហគ្រិនភាព គ្រឹះស្ថានហិរញ្ញវត្ថុ និងសាកលវិទ្យាល័យ ដើម្បីបង្កើនសកម្មភាពសហគ្រិនភាពដែលមានគុណភាពខ្ពស់ ដែលនាំ មកនូវកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
លោក រ៉ាជីវ ប្រា នាយកប្រចាំប្រទេសនៃអង្គការ ស្វីសខន់ថាក់ បានរម្លឹកថា កាលពីឆ្នាំ២០២២ កម្មវិធី ខេមអេស្កូ (CAMESCO) បានលេចជារូបរាងឡើងក្រោមគំនិតផ្តួចផ្តើមយ៉ាងសាមញ្ញមួយដើម្បីពង្រឹងប្រព័ន្ធ សហគ្រិនភាពនៅ កម្ពុជា។ ថ្ងៃនេះ កម្មវិធីនេះបានឈរជាកម្មវិធីប្រចាំឆ្នាំក្នុងការប្រមែប្រមូលជួបជុំតួអង្គដៃគូពាក់ព័ន្ធសំខាន់ៗទាំងក្នុង និងក្រៅប្រទេសឲ្យភ្ជាប់ទំនាក់ទំនង ចែករំលែក និងស្វែងយល់បន្ថែម ដើម្បីធ្វើការ ជាមួយគ្នា។ ជោគជ័យមួយនេះ បង្ហាញឲ្យឃើញនូវសន្ទុះនៃការចាប់អារម្មណ៍លើកិច្ចការកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។ ក្ដីសង្ឈឹមសម្រាប់កម្មវិធី ខេមអេស្កូ (CAMESCO) នាពេលខាងមុខគឺចង់ទាក់ទាញ ដៃគូតួអង្គថ្នាក់តំបន់ ដើម្បីបង្កើនផលវិជ្ជមានដល់សហគ្រិនភាព ក្នុងឆ្នាំទៅមុខៗទៀត។
លោកបន្តថា សន្និសីទប្រចាំឆ្នាំ២០២៣នេះ ក៏បានរួមបញ្ចូលនូវបទបង្ហាញជុំវិញប្រព័ន្ធអេកូឡីស៊ីមានដូចជា ការស៊ីជម្រៅទៅលើកម្មវិធីពន្លឿនអាជីវកម្មសកល និងការអនុវត្តដែលមានប្រសិទ្ធភាព ការបង្ហាញអំពីកម្មវិធីគាំទ្រផ្សេងៗ នៅប្រទេសហ្វីលីភីន, ការសង្កត់ធ្ងន់ទៅលើការវិនិយោគគម្រោងលើ Gender Lense និងការស្វែងយល់ពីនិន្នាការបញ្ហាប្រឈម និងឱកាសនៃការផ្តល់សហហិរញ្ញប្បទានគាំទ្រនៅក្នុងអាស៊ាន។
សូមជម្រាបថា សន្និសីទខេមអេស្កូ ប្រចាំឆ្នាំ២០២៣ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការឆ្ពោះទៅកាន់ ភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងការវិនិយោគក្នុងប្រទេសកម្ពុជា។ សន្និសីទនេះបានផ្តល់នូវ វេទិការដល់ភាគីពាក់ព័ន្ធជួបជុំ ចែករំលែកនូវចំនេះដឹង សង្ខេបពីកិច្ចការងារប្រចាំឆ្នាំ និងបន្តស្វែងរកឱកាស ក្នុងការសហការ ដើម្បីរួមចំណែកដល់ការរីកលូតលាស់នៃភាពជាសហគ្រិននៅកម្ពុជា៕