(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានសុវត្ថិភាពគ្រឿងចក្រនៃសាធារណរដ្ឋកូរ៉េ (KCESI) ស្ដីអំពីកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងចក្រ និងបើកសិក្ខាសាលាស្វែងយល់ទៅវិញទៅមក ស្ដីអំពីសុវត្ថិភាពនៃការប្រើប្រាស់ ថែទាំ ត្រួតពិនិត្យ និងការចុះបញ្ជីគ្រឿងចក្រ។
ពិធីនេះបានធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពី លោកអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ពិធីចុះអនុស្សរណៈ និងសិក្ខាសាលាខាងលើនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ផ្ទេរ និងចែករំលែកនូវចំណេះដឹង ជំនាញផ្នែកគ្រប់គ្រងសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងចក្រ និងផ្ដល់ចំណេះដឹងថ្មីៗដល់មន្រ្តីបច្ចេកទេសក្នុងការបញ្ជាប្រើប្រាស់គ្រឿងចក្រឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព ធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្តសកម្មភាពការងារសាងសង់ ជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕