(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសម្តេចពិជ័យសេនា ទៀ បាញ់ ១៧៧» មានកម្ពស់ ៧ជាន់ នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា។
នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា «អគារសម្តេចពិជ័យសេនា ទៀ បាញ់ ១៧៧» ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់ែបបយ៉ាងរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃមន្ទីរពេទ្យព្រះកេតុមាលា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាននៃដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល របស់កម្ពុជា ជាពិសេសការជំរុញវិស័យសុខាភិបាលក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ក្នុងនាមក្រសួងការពារជាតិ សូមសម្តែងការអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានៃការសាងសង់ «អគារសម្តេចពិជ័យសេនា ទៀ បាញ់ ១៧៧» របស់មន្ទីរពេទ្យព្រះកេតុមាលា ដែលជាកន្លែងប្រកបសក្តានុពលក្នុងការផ្តល់សេវាថែទាំសុខភាព ប្រកដោយគុណភាព ប្រសិទ្ធភាព ជូននាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានយកឱកាសនេះសម្តែងនូវការកត្តញ្ញូតាធម៌ដ៏ជ្រាវជ្រៅបំផុតចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិត ក្នុងការធ្វើទំនើបកម្ម មន្ទីរពេទ្យព្រះកេតុមាលា ឱ្យមានការអភិវឌ្ឍចាប់តាំងពីឆ្នាំ១៩៨៨ រហូតមានការរីកចម្រើនឥតឈប់ឈរ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ឱ្យដឹងថា មន្ទីរពេទ្យព្រះកេតុមាលា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើផ្នែកសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកបច្ចុប្បន្នក្នុងការថែទាំ ព្យាបាលជំងឺជូននាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារកងទ័ព។ តាមរយៈនយោបាយឈ្នះឈ្នះ របស់
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងរយៈពេលជិត២៥ឆ្នាំមកនេះ បានធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឱ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះបានធ្វើឱ្យមន្ទីរពេទ្យព្រះកេតុមាលា មានលទ្ធភាពពង្រឹងសមទ្ធភាពទាំងហេដ្ឋារចនាសម្ព័ន្ធនានា និងការលើកកម្ពស់សមត្ថភាពក្រុមវេជ្ជបណ្ឌិតជាដើម។
បើតាមលោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពាជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានឱ្យដឹងថា នៅឆ្នាំ២០២២ ក្នុងពេលប្រទេសជាតិបានឆ្លងផុតពីវិបត្តិជំងឺកូវីដ១៩ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀបាញ់ បានជួយគាំទ្រឧបត្ថម្ភសាងសង់អគារសង្គ្រោះដំបូង ដែលបានបញ្ចុះសិលាសាងសង់ កាលពីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ចប់ការកសាងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងបានប្រសិទ្ធនាមអគារនេះថា «អគារសម្តេចពិជ័យសេនា ទៀ បាញ់ ១៧៧»។
អគារនេះមានទទឹង១៥,៦ម៉ែត្រ និងបណ្ដោយ ៣៦,៩ម៉េត្រ កម្ពស់៧ជាន់ ស្មើនឹង ៣១,៨៥ម៉ែត្រ អាចដាក់គ្រែព្យាបាលអ្នកជំងឺបានចំនួន ៧៣គ្រែ បន្ទប់បុគ្គលិកបំពេញការងារចំនួន១៥បន្ទប់។ នៅជាន់ផ្ទាល់ដី មានបន្ទប់បុគ្គលិកបំពេញការងារ ០២បន្ទប់, បន្ទប់សង្គ្រោះ០២ មានគ្រែចំនួន១០, បន្ទប់ដាក់ប្រព័ន្ធ អុកស៊ីសែន០១ និងបន្ទប់ដាក់ម៉ាស៊ីនបូមទឹក និងពន្លត់អគ្គីភ័យ០១។
នៅជាន់ទី១ មានបន្ទប់ពិនិត្យភ្នែក០៣, បន្ទប់ពិនិត្យត្រចៀក ច្រមុះ បំពង់ក០២, បន្ទប់ដាក់ម៉ាស៊ីន QRS និងម៉ាស៊ីន EECP ០២ និងបន្ទប់ពិនិត្យជំងឺទូទៅ០២។ នៅជាន់ទី២ ទី៣ ទី៤ និងទី៥ មានបន្ទប់អ្នកជំងឺចំនួន ៣៣បន្ទប់ និងបន្ទប់ប្រជុំ០១ ចំណុះ៧០នាក់។
ជាមួយគ្នានេះ មន្ទីរពេទ្យព្រះកេតុមាលា ក៏បានធ្វើការបំពាក់ម៉ាស៊ីនមួយចំនួន ដូចជា ម៉ាស៊ីន MRI 1.5 tesla ០១គ្រឿង, ម៉ាស៊ីនលាងឈាម០៧គ្រឿង, ម៉ាស៊ីនផលិតទឹកសម្រាប់លាងឈាម ០១គ្រឿង, ម៉ាស៊ីនជំនួយដង្ហើម០៦គ្រឿង, ម៉ាស៊ីនដាក់ថ្នាំសណ្ត០២គ្រឿង, ម៉ាស៊ីន Monitoring ៣០ គ្រឿង និងសម្ភារៈឧបករណ៍ពេទ្យមួយចំនួនទៀត៕