(ភ្នំពេញ)៖ លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាសហស្ថាបនិក CJCC បានបញ្ជាក់ថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដែលមានរយៈពេល២០ឆ្នាំ ដោយបានចូលរួមបណ្តុះបណ្តាលធានធានមនុស្សជាច្រើនរបស់កម្ពុជា ព្រមទាំងរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសក្នុងចូលរួមចំណែករឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធខួប២០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤, លោក ពិត ចំណាន បានឱ្យដឹងថា ក្នុងនោះមានវិស័យគ្រប់គ្រងធុរកិច្ចបានប្រមាណជា ២៧,០០០នាក់ ដែលជាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន, បណ្តុះបណ្តាលសិស្សភាសាជប៉ុនប្រមាណ ១១,៦០០នាក់ ដែលក្នុងនោះមួយចំនួនធំកំពុងបម្រើការនៅក្នុងក្រុមហ៊ុនកម្ពុជា និង ជប៉ុន ទាំងនៅក្នុងប្រទេសកម្ពុជានិងជប៉ុន និងការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ជាង៩០០ កម្មវិធីដែលមានអ្នកចូលរួមប្រមាណ ៣២៧,៩៤៥នាក់។
លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត២០ឆ្នាំនេះ តាមរយៈសកម្មភាពបីដែលបានរៀបរាប់ខាងលើ CJCC បានកសាងបង្កើតបាននូវបណ្តាញទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិ និងអន្តរជាតិជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសជាមួយអង្គការ និងក្រុមហ៊ុនជប៉ុនមានដូចជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន (JETRO) សមាគមពាណិជ្ជកម្មជប៉ុន នៅប្រទេសកម្ពុជា (JBAC) ផ្សារទំនើប AEON ក្រុមហ៊ុន Minebea ព្រមទាំងក្រុមហ៊ុនធំតូចជាច្រើនទៀត, បង្កើតសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ដើម្បីផ្គូរផ្គងអាជីកម្មកម្ពុជា និងជប៉ុនដែលអាចឈានដល់ការចាប់ដៃគូរពាណិជ្ជកម្មជាមួយគ្នា។ ក្រៅពីនេះ CJCC បានសម្របសម្រួលបង្កើតពិព័រណ៌ការងារ និងការសិក្សានៅប្រទេសជប៉ុន ដើម្បីផ្តល់ឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនជប៉ុន និងកម្ពុជា ក៏ដូចជាឱកាសបន្តការសិក្សានៅប្រទេសជប៉ុនផងដែរ។
លោកបានបន្តថា បើសិនយើងក្រឡេកមើលកម្ពុជាកាលពីមុនឆ្នាំ២០០៤ ក្នុងវិស័យសេដ្ឋកិច្ច និងអប់រំ អាចសង្កេតឃើញថា កម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៩មកជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងនេះក៏ដោយ តម្រូវការធនធានមនុស្សដែលមានសមត្ថភាពដើម្បីអាចរួមចំណែកនាំកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចសកលនៅមានការខ្វះខាតនៅឡើយ។ ដូច្នេះហើយ រាជរដ្ឋាភិបាលនៅពេលនោះ បានផ្តោតការយកចិត្តទុកដាក់ដោយផ្តល់អាទិភាពលើការពង្រឹង និងការបង្កើនសមត្ថភាពធនធានមនុស្សក្នុងទិសដៅលើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទាំងក្នុងតំបន់និងពិភពលោក ហើយក្នុងន័យនេះការបណ្តុះបណ្តាលធនធានមនុស្សផ្នែកធុរកិច្ចពិតជាមានសារៈសំខាន់។
សហស្ថាបនិក CJCC រូបនេះ បានលើកឡើងថា ដោយយល់ពីសារៈសំខាន់នេះហើយទើប CJCC ត្រូវបានបង្កើតឡើងក្នុងគោលដៅពីរសំខាន់ៗ ទី១៖ លើកកម្ពស់សមត្ថភាព និងអភិវឌ្ឍធនធានមនុស្សក្នុងផ្នែកគ្រប់គ្រងធុរកិច្ច ដើម្បីជំរុញសេដ្ឋកិច្ចទីផ្សារដែលមានលក្ខណៈប្រកួតប្រជែង និងទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការនិងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលភាសាជប៉ុន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ជប៉ុន។
ជារួម CJCC បាននិងកំពុងធ្វើសកម្មភាពរបស់ខ្លួនដោយផ្អែកលើសសរស្តម្ភ៣សំខាន់គឺ ទី១៖ ការបណ្តុះបណ្តាលការគ្រប់គ្រងអាជីវកម្ម និងសហគ្រិនភាព, ទី២៖ ការបណ្តុះបណ្តាលជំនាញភាសាជប៉ុន និងទី៣៖ ការផ្លាស់ប្តូរការអប់រំ និងវប្បធម៌កម្ពុជា-ជប៉ុន។
លោក ពិត ចំណាន បានបន្ថែមថា ទៅអនាគត CJCC នឹងនៅតែបន្តបេសសកម្មរបស់ខ្លួនដោយផ្អែកលើសសរស្តម្ភចម្បងចំនួន៣ ដែលបានរៀបរាប់ ដោយត្រូវធ្វើយ៉ាងណាច្នៃបង្កើតសកម្មភាពថ្មីៗ ដើម្បីតម្រូវទៅតាមបរិបទទីផ្សារដែលមានការប្រែប្រួល និងប្រកួតប្រជែងកាន់តែខ្លាំង ជាពិសេសផ្តោតលើការគ្រប់គ្រងអាជីកម្មតាមបែបជប៉ុន ដែលមានឧត្តមានុវត្តក្នុងការរក្សាក្រុមហ៊ុនឱ្យមាននិរន្តរភាពដល់រាប់រយឆ្នាំ, ការសម្របសម្រួលបង្កើតពិព័រណ៌ការងារ ជាពិសេសសម្រាប់ក្រុមហ៊ុនជប៉ុន, ការសម្របសម្រួលការសិក្សានៅប្រទេសជប៉ុន, សម្របសម្រួលដល់ការចាប់ដៃគូរពាណិជ្ជម្មរវាងកម្ពុជា និងជប៉ុន ពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនងជាមួយបណ្តាស្ថាប័នដទៃទៀតដើម្បីកិច្ចសហការ៕