(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសាររំលែកទុក្ខ ផ្ញើជូនឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រី និងជានាយកខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម ជាទីរាប់អាន! ខ្ញុំ និងភរិយាបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ត្រូវជាម្តាយរបស់ឯកឧត្តមបានទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ»

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ជាម្តាយ ជីដូន ជីទូត ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ដែលកន្លងមកក្នុងឆាកជីវិតមហាឧបាសិកា បានខិតខំតស៊ូចិញ្ចឹម បីបាច់ថែរក្សា និងអប់រំទូន្មាន និងបណ្តុះបណ្តាលស្មារតីដល់បុត្រធីតារហូតមានចំណេះដឹងជ្រៅជ្រះក្លាយជាធនធានមនុស្សដ៏មានតម្លៃ ដើម្បីបម្រើសង្គមជាតិ។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តមទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា៕