(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងកោតសរសើរមិនដាច់ពីមាត់នូវស្នាដៃថ្មីមួយទៀត គឺការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ហើយសូមប្រកាសផ្ទៃក្នុងថា «ជោគជ័យហើយ» ដែលកិច្ចការនេះអាចសម្រេចបានល្អដោយមានការរួមសហការគ្នាល្អរវាងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រី ជី ថាវី និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូលតែម្ដង។

លោកអភិបាលខេត្តបានប្រកាសយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្រុង-ស្រុក ខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកអភិបាលខេត្តថ្លែងថា «សមិទ្ធផលនេះពិតជាល្អវិសេសវិសាលណាស់ ដែលក្រុមការងារទាំងអស់បានសម្រេចស្នាដៃនេះឡើង ហើយក្នុងនាមអភិបាលខេត្ត ខ្ញុំតែងតែគាំទ្រ និងលើកទឹកចិត្តជានិច្ច រាល់សកម្មភាពទាំងឡាយណា ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមពាក្យស្លោកថា «ខេត្តកណ្ដាលធ្វើអ្វីៗចង់បានល្អ ស្អាត លឿន ឈានមុខជានិច្ច»

លោកអភិបាលខេត្តបន្តថា ប្រទេសជាតិអាចរីកចម្រើនទៅបាន លុះត្រាណាមនុស្សមានការចេះដឹង, បើមនុស្សមានការចេះដឹងលុះត្រាតែមានសាលារៀន, មុនចូលសាលារៀន លុះត្រាតែមនុស្សមានសុខភាពល្អ ដើម្បីមានសុខភាពល្អ មនុស្សត្រូវរស់នៅប្រកបដោយអនាម័យស្អាត។ ស្ថានភាពទឹកស្អាត អនាម័យខេត្តកណ្ដាលមានសភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញថា ពលរដ្ឋខេត្តកណ្ដាល មានការរស់នៅល្អ មានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកណ្ដាល ក៍មានបញ្ហាប្រឈមខ្លះៗដែរដូចជា ការរស់នៅតាមប្រលាយ តាមមាត់ទឹក ប៉ុន្តែបញ្ហានេះតហរូវបានដោះស្រាយបានយ៉ាងរលូន ដោយមានការសហការគ្នាជាមួយអង្គការ សមាគមដៃគូរជួយជ្រោមជ្រែងផងដែរ ទើបយើងឈានដល់ដំណាក់កាលជោគជ័យបែបនេះ ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៍បានថ្លែងជម្រុញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះតាមដានដល់ខ្នងផ្ទះពលរដ្ឋ និងទីតាំងដែលបានកំណត់ អប់រំបន្ថែម និងត្រៀមសម្ភារៈឲ្យបានគ្រប់គ្រាន់ អនាម័យ នៅតាមបន្ទប់ទឹកឲ្យបានស្អាត ទីតាំងដែលអនុវត្តន៍ត្រូវតែល្អឥតខ្ចោះ ដើម្បីក្រុមការងារថ្នាក់ជាតិនឹងដាក់ពិន្ទុល្អជូន ព្រោះថាការដាក់ពិន្ទុគឺអាស្រ័យលើស្ថានភាពជោគជ័យជាក់ស្ដែង ។ សូមធ្វើឲ្យបានល្អឲ្យស្របតាមពាក្យស្លោកថា «ខ្ញុំធ្វើបាន ខេត្តកណ្ដាលធ្វើបាន»

ទន្ទឹមនឹងនេះដែរលោកស្រីជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបានថ្លែងថា ការសម្រេចបានជាខេត្តដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)បាន គឺអាស្រ័យដែលមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំពិសេសឯកឧត្តមអភិបាលខេត្តកណ្ដាលផ្ទាល់តែម្ដង។ហើយសមិទ្ធផលនេះ មិនមែនជារបស់នរណាម្នាក់ឡើយ គឺជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ពិសេសនោះគឺរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាលតែម្ដង។

លោកស្រីប្រធានមន្ទីរបានថ្លែងបន្តថា ជាការពិតណាស់ការសម្រេចបាននូវស្នាដៃ(ODF+)នេះគឺ មិនមែនបានមកដោយចៃដន្យឡើយ ច្បាស់ណាស់អាស្រ័យដែលមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលមានការរួបរួមគ្នាបានល្អ មានការសាមគ្គីភាពមានឯកភាពផ្ទៃក្នុង ដោយឈរលើស្មារតីនិងគោរពភារកិច្ចតួនាទីរៀងៗខ្លួនបានល្អប្រសើរ ដែលការខិតខំនេះហើយឆ្លើយតបទៅនឹងសេចក្ដីត្រូវការ សំណើរ សំណូមពរ និងទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដែលជាការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនយ៉ាងចម្រើន យ៉ាងសម្បើម៕