(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច និងលោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំងគ្រោងនឹងកសាងស្ពានមួយខ្សែឆាប់ៗ។

ស្ពាននេះ មានប្រវែងប្រមាណ ៦០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ឆ្លងមកភូមិព្រៃក្តួច ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ នៅកន្លែងនេះ ប្រជាពលរដ្ឋគាត់ឆ្លងកាត់ដោយប្រើទូកដរ ទាញដោយដៃ ដល់អ្នកធ្វើដំណើរឆ្លងកាត់ ស្ទឹងព្រៃក្តួចមួយនេះដោយប្រឈមនឹងហានិភ័យខ្ពស់ ជាពិសេសនៅរដូវវស្សាខែទឹកឡើងអាចនឹងមានបញ្ហាប្រឈម គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

ដោយឃើញអំពីទុក្ខលំបាកទាំងអស់នេះហើយ ទើបចុះពិនិត្យទីតាំងដើម្បីកសាងស្ពានមួយនេះសម្រាប់ប្រជាពលរដ្ឋឆ្លងកាត់ ដឹកនូវកសិផលរបស់គាត់ ប្រកបដោយសុវត្ថិភាពខ្ពស់ទៅមក រវាងស្រុកទាំងពីរនេះ៕