(សៀមរាប)៖ ប្រជាពលរដ្ឋស្ថិតនៅភូមិក្រសាំង ភូមិពពិស និងភូមិបឹង ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទទួលបានវិញ្ញាបនបត្រសម្កាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធដីធ្លី) ពីអាជ្ញាធរខេត្តសៀមរាប ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តព្រៃផ្តៅ ក្នុងភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីចែកវិញ្ញាបនបត្រសម្កាល់អចលនវត្ថុនេះបានធ្វើឡើងក្រោមវត្តមានរបស់លោកស្រី ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប, លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ៊ី សាយ បានលើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធដីធ្លី) ដល់ប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតសង្កាត់ក្របីរៀល គឺមាន៖ ភូមិក្រសាំង មានក្បាលដីសរុប ១,០១៩ដែលក្នុងនោះក្បាលដីចំនួន៨០៩អាចចេញបណ្ណកម្មសិទ្ធជូនបាន ភូមិពពិស មានក្បាលដី សរុប១,០១៣ ដែលក្នុងនោះក្បាលដីចំនួន៨,៦៥៩ អាចចេញបណ្ណកម្មសិទ្ធជូនបាន និងភូមិបឹងមានក្បាលដីសរុប១,៥៧១ ដែលក្នុងនោះក្បាលដីចំនួន ១,៤០៧អាចចេញបណ្ណកម្មសិទ្ធជូនបាន។

លោក ហ៊ី សាយ បានបន្តថា ចំពោះក្បាលដីដែលធ្វើការប្រគល់បណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាលនឹងបន្តពិនិត្យ និងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញបណ្ណ ជូនម្ចាស់ដីជាបន្តទៀត។

លោក សុខ ថុល បាន​លើកឡើងថា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធដីធ្លី) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋ ឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាព ស្មុគស្មាញជូនប្រជាពលរដ្ឋឡើយ។

ក្នុងនាមអាជ្ញាធរខេត្តលោកក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមទាំងកំលាំងកាយចិត្តយ៉ាងមមាញឹកនៅក្នុងដំណើរការចុះបញ្ជីដីធ្លីហើយឈានដល់ដំណាក់កាលចេញ និងចែកបណ្ណនាថ្ងៃនេះ។

លោក សុខ ថុល បានបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាឯកសារគតិយុត្តមួយ ដែលគ្មានអាយុកាល និងមានតម្លៃសម្រាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា៖ រដ្ឋគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លីការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់បន្ថយបាននូវទំនាស់ដីធ្លី, ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ, ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ, ប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ ឬអាជីវកម្មលើ ដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ ព្រមទាំងមានសុវត្ថិភាពក្នុងការកាន់កាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ហើយគ្មានជនណា អាចមករំលោភបំពាន ឬធ្វើការដកហូតបានឡើយ។

លោកស្រី ទិត្យ ច័ន្ទការីន បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរជានិច្ចនូវតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយដាក់បទបញ្ជាឱ្យ អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវមើលពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់បំផុត។ ហើយសម្តេចតែងតែដាក់ចេញនូវយន្តការមួយច្បាស់លាស់សម្រាប់ការដឹកនាំ ពិសេសជំរុញការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ ធ្វើយ៉ាងបង្ខិតឱ្យជិតជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ មិនឱ្យពលរដ្ឋធ្វើដំណើរ ទៅទទួលសេវាឆ្ងាយ។

លោកស្រី ទិត្យ ច័ន្ទការីន បានបន្តថា ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

លោកស្រីក៏បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ឋ សូមថែរក្សាបណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើងទៅខាងមុខផងដែរ៕