(ព្រះសីហនុ)៖ ប្រជាពលរដ្ឋរស់នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន ៨,៦៧២ក្បាលដី ពីអាជ្ញាធរខេត្តព្រះសីហនុ។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ប៉ែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណវិទ្យាល័យហ៊ុនសែនឃ្លាំងលើ ក្រុងព្រះសីហនុ។ ការចែកបណ្ណគឺគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈតទៅ។

នាឱកាសនោះដែរ លោក គួច ចំរើន បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវគោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌។

លោកអភិបាលខេត្តនឹងបន្តជំរុញដល់រដ្ឋបាលខេត្ដ និងជំនាញ ប្ដេជ្ញាខិតខំផលិត ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យអស់ទូទាំងខេត្ដព្រះសីហនុ នៅពាក់កណ្ដាលឆ្នាំ២០២៤។

លោកបានបន្តថា ការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្ដៅ និងសុវត្ថភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ តាមរយៈវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងជៀសវាង នូវការរំលោភបំពានលើដីធ្លី។ ដូចនេះ បណ្ណកម្មសិទ្ធិនេះ គឺជាភស្តុតាង បញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ មិនមានជនណាមួយអាចក្លែងបន្លំ ឬធ្វើការដកហូតដីនោះបានឡើយ លើកលែងតែក្នុងករណីដែលរដ្ឋត្រូវការដើម្បីផលប្រយោជន៍សាធារណៈ ហើយត្រូវទូទាត់ជាមុននូវសំណងដោយសមរម្យ និងយុត្តិធម៌។ បណ្ណកម្មសិទ្ធិនេះ ក៏អាចផ្ដល់លទ្ធភាពដល់ប្រជាកសិករ ដើម្បីយកទៅដាក់ធានា ឬហ៊ីប៉ូតែក ក្នុងការខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ យកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។

ក្នុងឱកាសនោះ លោក សំ សុមនោ អនុប្រធានមន្ទីររៀបចំដែនដីខេត្ត បានឱ្យដឹងថា ក្បាលដីដែលត្រូវស្នើសុំផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨,៦៧២ក្បាលដី ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផ្តល់បណ្ណជូនមាន៣ប្រភេទ គឺ១៖ ក្បាលដីដែលទទួលបានពីរដ្ឋចែកឱ្យមានចំនួន ១,៦៩៥ក្បាលដី។ ២៖ ក្បាលដីដែលទទួលបានពីជីដូនជីតា ឪពុកម្ដាយចែកឱ្យមានចំនួន ៧០៦ក្បាលដី ត្រូវបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាពន្ធស្មើសូន្យជាមុនសិនមុននឹងយកមកធ្វើការចែកជូន និង៣៖ ក្បាលដីដែលបានមកពីការលក់ ទិញ មានចំនួន ៦,២៧១ ម្ចាស់ដីត្រូវដាក់ពាក្យស្នើសុំចូលមកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីយកឯកសារទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត៕