(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បីក្នុងភូមិសាស្ត្រស្រុកតាំងគោក មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សូមកុំរុករានទន្ទ្រានបន្តទៀត ដើម្បីការពារព្រៃព្រៃលិចទឹកកុំឱ្យបន្តបាត់បង់ ដែលអាចនាំឱ្យបាត់បង់ជម្រកត្រី និងសត្វគ្រប់ប្រភេទ។

ការចុះផ្សព្វផ្សាយនេះធ្វើឡើងនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកអភិបាលស្រុក និងមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋកំពុងតែអាស្រ័យផល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកបានលើកឡើងថា ការចុះត្រួតពិនិត្យទីតាំងធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋក្នុងគោលបំណង គឺការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយនិងមិនទាន់ឆ្វៀលប្រសិនបើពលរដ្ឋមានក្បាលដីជាប់នឹងក្បាលដីរដ្ឋ សូមកុំរុករានទន្ទ្រានបន្តទៀត ត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង មិនធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកនៃត្រី និងសត្វគ្រប់ប្រភេទផងដែរ។

លោក ហាក់ ម៉ុងហួត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយសូមរក្សាឱ្យបានល្អហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀត។ ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕