(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព បើកសម្ពោធការអនុវត្តគម្រោង (Kick-Off Meeting) របស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្រោមជំនួយឧបត្ថម្ភរបស់សហគមន៍អ៊ឺរ៉ុប ដែលមានឈ្មោះហៅកាត់ថា UNICATION (Unify Communication by International Projects between Cambodia and Philippines)។
កម្មវិធីសម្ពោធគម្រោងនេះ ក៏មានវត្តមានការអញ្ជើញពីឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរ៉ុប ឯកអគ្គរដ្ឋទូតប្រទេសបារាំង និងអគ្គរដ្ឋទូតប្រទេសហ្វីលីពីនប្រចាំកម្ពុជា និងភ្ញៀវកិត្ដិយស និងសិស្សានុសិស្សចូលរួមផងដែរ។
គម្រោងខាងលើនេះ គឺជាគំនិតផ្តួចផ្តើម និងជាការសហការដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាព និងជំនាញមន្រ្តីទទួលបន្ទុកការិយាល័យអន្តរជាតិរបស់សាកលវិទ្យាល័យនីមួយៗ (HEIs) ដែលពាក់ព័ន្ធ ដើម្បីឈានទៅជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ក្នុងប្រទេសអាស៊ាន និងរវាងសាកលវិទ្យាល័យនៅអាស៊ាន និងសហគមន៍អឺរ៉ុប។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់ក្រុមការងារគម្រោងទាំងមូល ដើម្បីអនុវត្ដគម្រោងកាន់តែមានភាពប្រសើរ។
ជាមួយគ្នានោះលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានថ្លែងថា វត្តមានដ៏ខ្ពង់ខ្ពស់ និងប្រសាសន៍ដ៏មានអត្ថន័យនៅក្នុងកម្មវិធីបើករបស់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានតម្លៃ និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ក្រុមការងារគម្រោងទាំងមូលដែលមកពីសាកលវិទ្យាល័យសរុបចំនួន៨ ក្នុងនោះរួមមាន៖
* សហគមន៍អ៊ឺរ៉ុប៖
១៖សាកលវិទ្យាល័យ Técnico-IST/Universidade de Lisboa (ប្រទេសព័រទុយហ្គាល់)
២៖ សាកលវិទ្យាល័យ Côte d'Azur (ប្រទេសបារាំង)
៣៖ សាកលវិទ្យាល័យ Óbouda (ប្រទេសហុងគ្រី)
* អាស៊ាន៖
១៖ សាកលវិទ្យាល័យហ្វីលីពីន (ប្រទេសហ្វីលីពីន)
២៖ សាកលវិទ្យាល័យ Batangas State (ប្រទេសហ្វីលីពីន)
៣៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (ប្រទេសកម្ពុជា)
៤៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (ប្រទេសកម្ពុជា)
៥៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (ប្រទេសកម្ពុជា)។
លោកស្រី ទេព កូលាប ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមឯកអគ្គរាជទូត លោកលោកស្រី និងសិស្សានុសិស្សដែលមានវត្តមាននៅក្នុងកម្មវិធី និងសន្យាប្ដេជ្ញាសហការការងារក្នុងគម្រោងប្រកបដោយគុណភាព និងភាពជោគជ័យ៕